ជនសង្ស័យ៣នាក់ និងរថយន្ត២គ្រឿងឆបោក រឿងលក់វត្ថុបុរាណ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ និងរថយន្ត២គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ ពីបទឆបោករឿងទិញលក់វត្ថុបុរាណតម្លៃ២៦,០០០ដុល្លារ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន៣នាក់ មាន៖

១.ឈ្មោះ ឌី ហួត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ

២.ឈ្មោះ ម៉ួន ង៉ូវ ហៅម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រៈនេត្រព្រៈ

៣.ឈ្មោះ ខុន វុទ្ធី យិន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិវត្តឃុំស្រែណយ ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យគឺ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ទឹម សាវួន ភេទស្រីអាយុ៤៥ឆ្នាំ(មុខរបបលក់បង្អែម) រស់នៅភូមិ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានប្តឹងជនសង្ស័យទាំង៣នាក់ ពីបទឆបោករឿងខ្ចីលុយទិញវត្ថុបុរាណមានតំលៃ២៦,០០០ដុល្លារ ដែលប្រព្រឹតកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតភូមិ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះបានបញ្ជាក់ថា៖ នៅពេលដែលលង់ខ្លួនចាញ់បោកជនសង្ស័យ៣នាក់គឺ ជនរងគ្រោះត្រូវបានជនសង្ស័យនាំដើរលេង និងហូបចុក ហើយឱ្យលុយចាយ ទើបលង់ខ្លួនចាញ់បោកជនសង្ស័យទាំងបីនាក់នេះ ដោយប្រើល្បិចទិញលក់វត្ថុបុរាណក្នុងតំលៃ២៦,០០០ដុល្លារ ហើយជនសង្ស័យប្រើល្បិចដកលុយដុល្លារ ២ដុំ ទិញលក់វត្ថុបូរាណ ដែលមានចំនួន៣រូប ហើយថាខ្វះលុយខ្ចីបង្គ្រប់ទិញវត្ថុបុរាណជាង១ម៉ឺនដុល្លារ ឱ្យភាគីលក់ ហើយទុកវត្ថុបូរាណឱ្យទៅស្ត្រីរងគ្រោះរក្សាទុក បើលក់បានសង ហើយចំណេញចែកគ្នាស្មើ ហើយជនសង្ស័យទៅផ្ទះរាងខ្លួន រហូតទុកវត្ថុបូរាណយូរពេកមិនឃើញយកលក់ ទើបដឹងថាចាញ់បោកបានប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវចាប់ខ្លួន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា៖ ក្រោយពេលទទួលពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ហើយសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យ៣នាក់ ជាមួយរថយន្ត២គ្រឿង និងរូបសំណាក់ស្ពាន់៣រូប និងសម្ភារៈមួយចំនួនទៀត ដែលនៅកន្លែងដោយឡែកពីគ្នាកាលពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០១៩ នៅភ្នំពេញ និងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា៖ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ដោយយោងតាមចម្លើយសារភាព និងត្រូវបានចោទប្រកាន់ ប្រើល្បិចឆបោកស្រ្តីរងគ្រោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕ ដោយ SN