នោះ!! ដោយសារតែការលួច​ប្រេងឥន្ធនៈពីសំណាក់​ក្រុម​ឧក្រិដ្ឋ​ជន ម៉ិចស៊ីកូប្រើធម៌ក្តៅ​ «បញ្ជូនទ័ព​ចូលគ្រប់គ្រង​ក្រុមហ៊ុន​ប្រេងទាំងឡាយ»

ម៉ិចស៊ីកូ៖ រោងចក្រ​ជាច្រើន របស់ក្រុមហ៊ុន​ប្រេងរដ្ឋ Pemex នៅក្នុងទីក្រុង គូលៀខេន (Culiacan) និង សាឡាមែនកា (Salamanca)  ត្រូវបានយោធាម៉ិចស៊ីកូ​គ្រប់គ្រង ដោយសារតែការលួច​ប្រេងឥន្ធនៈពីសំណាក់​ក្រុម​ឧក្រិដ្ឋ​ជន ខណៈការផ្គត់ផ្គង់​ប្រេងឥន្ធនៈនៅតាមផ្នែកខ្លះ​នៃប្រទេសម៉ិចស៊ីកូ​កំពុងជាប់គាំង​ ។ នេះបើតាម​ការចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩ ដោយសារព័ត៌មាន Sputnik ។

នៅទីក្រុង Culiacan យោធាម៉ិចស៊ីកូ​បានគ្រប់គ្រង រាល់រោងចក្រ​ចម្រាញ់ប្រេងនៃ​ក្រុមហ៊ុន Pemex ហើយថាពួកគេអាច​នឹងត្រូវប្រើពេល​មួយខែ ក្នុងការរក្សា និងស្ដារសុវត្ថិភាព​នៅតាមរោង​ចក្រប្រេងឡើង​វិញ។ ឯនៅក្នុងទីក្រុង Salamanca វិញ បុគ្គលិករោងចក្រចម្រាញ់​ប្រេងទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យពួកគេចូល និងចេញពីរោង​ចក្រ ហើយដើម្បីទប់ស្កាត់ការ​ទំនាក់ទំនងទំាង​ឡាយ ជាមួយក្រុមឧក្រិដ្ឋជន​ជំនាញខាង​លួចប្រេង មិនតែ​ប៉ុណ្ណោះបុគ្គលិក ឬកម្មករនៅ​ក្នុងរោងចក្រទាំងនេះ​ ក៏ត្រូវបានហាមឃាត់​ប្រើប្រាស់ទូរស័ព្ទ​ដៃផងដែរ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេង​ឥន្ធនៈត្រូវបានរំខាន ឬជាប់គាំង នៅតាមស្ថានីយ​ឥន្ធនៈនៅក្នុងរដ្ឋ​ចំនួន ០៦ នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយនៅ​ក្នុងស្រុក  ហើយព្រមពេល​ជាមួយគ្នា ប្រធានាធិបតីម៉ិចស៊ីកូ​ទើបកាន់តំណែង​ថ្មី លោក Andres Manuel Lopez Obrador បានត្រឹម និយាយថា រដ្ឋាភិបាលនឹងផ្លាស់​ប្ដូរប្រព័ន្ធផ្គត់ផ្គង់ប្រេង​បច្ចុប្បន្ន​សំដៅបញ្ចៀសការលួចប្រេង ស្របពេលអ្នកប្រើប្រាស់​យានយន្ដ​ជាច្រើន កំពុងខឹង​សម្បារ​យ៉ាងខ្លាំង៕