រថយន្តដឹកដីធន់យក្ស របស់ក្រុមហ៊ុនលោក​ រតនា​ បើកបរបំពានច្បាប់ បុកបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅខណ្ឌដង្កោ​

ភ្នំពេញ៖ មួយរយៈពេលថ្មីៗនេះ គេសង្កេតឃើញថា រថយន្តដឹកដីរបស់ក្រុមហ៊ុនពីរ ដែលគេស្គាល់ថាក្រុមហ៊ុនរបស់លោក​ ហេង​ និងលោករតនា​ កំពុងល្បីល្បាញខាងរត់ការដឹកដី ឆ្លងកាត់ពីខេត្តកណ្តាល ចូលរាជធានីភ្នំពេញ តាមច្រកផ្លូវចំការដូង ខណ្ឌដង្កោ​ បានបំពានច្បាប់ របស់សាលារាជធានីភ្នំពេញ ​ដោយបើកបរដឹកដីចូលក្រុងទាំងថ្ងៃ និងដឹកលើសចំណុះធ្វើឱ្យខូចខាតផ្លូវសាធារណៈ ក៏ដូចជាបុកបំផ្លាញទ្រព្យសម្បត្តិរដ្ឋជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨​ ខែ​ មករា​ ឆ្នាំ​ ២០១៩​នេះ​ រថយន្តដឹកដីធន់ធំ ដែលគេដឹងថាឡានកម្មសិទ្ធរបស់លោក​ រតនា​ បានបើកលឿនចូលក្រុងទាំងព្រឹក ​ជ្រុលបុកឡើងឃឿនសួនច្បារ និងបុកបាក់បង្គោលភ្លើងបំភ្លឺសាធារណៈអស់មួយដើម​ នៅតាមបណ្តោយផ្លូវ២១៧​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

គួរបញ្ជាក់ថា ​កន្លងមកលោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកស្នងការរាជធានីភ្នំពេញ បានចេញបញ្ជាហាមមិនឱ្យរថយន្តធំ បើកបរចូលក្រុងនៅពេលថ្ងៃនោះទេ​ ប៉ុន្តែផ្ទុយទៅវិញបទបញ្ជារបស់លោកទាំងពីរ ហាក់គ្មានប្រសិទ្ធភាពឡើយ​ ព្រោះជាក់ស្តែងនៅតែឃើញរថយន្តធន់ធំ​ រថយន្តដឹកទំនិញ​ នៅតែបន្តបើកចូលក្រុងយ៉ាងរលូន​ ជាពិសេសនៅខណ្ឌដង្កោ គឺក្រុមហ៊ុនឡានដឹកដីរបស់លោក​ ហេង​ និងលោក​ រតនា​ បានដឹកដីដូចហែកឋិន ចូលក្នុងខណ្ឌដង្កោ ដើម្បីលុបដីឡូត ក៏ដូចជាលុបតំបន់បឹងផ្សេងៗជាដើម៕ ដោយ SS