ប៉េកាំង៖ នាវាដឹងប្រេងមួយគ្រឿង បានឆាបឆេះ និងផ្ទុះយ៉ាងរន្ធត់ នៅក្នុងដែនទឹក​​នៃកោះ ឡេមម៉ា (Lamma) របស់ទីក្រុងហុងកុង រងចាំការសង្គ្រោះ…!

ប៉េកាំង៖ បើតាម​ការចេញផ្សាយ​ដោយកាសែតចិន-ហុងកុង South China Morning Post ដែល​ត្រូវបានដក​ស្រង់នៅរសៀល​ថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩ នាវាដឹកប្រេង​មួយ​គ្រឿងបានឆាបឆេះ​រហូត​ដល់ផ្ទុះតែម្តង នៅក្នុងដែនទឹក​​នៃកោះ ឡេមម៉ា (Lamma) របស់ទីក្រុងហុងកុង ខណៈមនុស្ស​ម្នាក់បានស្លាប់ និង​ ២១នាក់ទៀត ដែលសុទ្ធសឹង​ជាសហសេវិក​លើនាវានោះ កំពុងរង់ចាំ​ការជួយ​សង្គ្រោះ។

បើតាម​កាសែត​​ចិន​ បានសរសេរតាមសម្តី​អ្នកឃើញ​ហេតុការណ៍ផ្ទាល់​យ៉ាងដូច្នេះថា «​ពីដំបូងឡើយ​យើងឃើញ​មានភ្លើងឆេះលើ​នាវាដឹកប្រេងនោះ ហើយបន្ទាប់មកលើ​នាវាក៏មានការផ្ទុះកើតឡើង​តែម្តង បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន​​លោតចូលទៅក្នុង​ទឹកសមុទ្រ…»។ ហេតុការណ៍​ដ៏រន្ធត់ខាងលើនេះ បានកើតមានកាល​ពីវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃអង្គារ ខែមករា ឆ្នាំ២០១៩ ​នេះតែម្តង (ម៉ោងនៅ​ទីក្រុងហុងកុង)។

គួរបញ្ជាក់ថា នៅពេលនេះ​ ការ​សង្គ្រោះកំពុងតែប្រព្រឹត្ត​ទៅនៅឡើយ ខណៈទូក​សង្គ្រោះ​កំពុង​ស្ថិតនៅកន្លែង​កើតហេតុ ជាមួយនឹងឧទ្ធម្ភាគចក្រ​ហោះសំកាំងពីលើ​​អាកាស ដើម្បី​អង្កេត​រកមនុស្សដែល​បានលោតចុះ​ពីនាវា​ដែលបានផ្ទុះ និងកំពុងបន្ត​ឆាបឆេះនៅឡើយ៕