ថ្មីៗនេះ សួស វីហ្សា បានបង្ហោះរូបភាពភ្ជាប់ជាមួយពាក្យ «សូមអរគុណ» ដល់អតីតកូនក្រុមគឺ អ៊ុឆេង យុត្តិការ ទទួលរាក់ទាក់យ៉ាងកក់ក្តៅ ខណៈនាងទៅកម្សាន្តនៅរតនគិរី

ភ្នំពេញ៖ បន្ទាប់ពីទម្លាយរឿងមានទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនឹងលោក ថម មី ជាសាធារណៈរួចមក មហាជនសង្កេតឃើញថា មួយរយៈមកនេះ សួស វីហ្សា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ និងទៅណាមកណាបណ្តើរគ្នាយ៉ាងត្រសង ប្រៀបដូចជារលកញីឈ្មោលអ៊ីចឹង។ យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើដំណើរកំសាន្ត ទៅលេងទឹកដីខេត្តរតនគិរី ស្រាប់តែជួបជាមួយនឹងអតីតកូនក្រុម កុមារី អ៊ុឆេង យុត្តិការ ព្រមទាំងត្រូវបានកូនក្រុម និងគ្រួសារនាង ទទួលរាក់ទាក់យ៉ាងកក់ក្តៅទៀតផង។

តារាចម្រៀងសួស វីហ្សា បានបង្ហោះភ្ជាប់ជាមួយនឹងរូបភាពជាច្រើនសន្លឹក បានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះសូមអរគុណ ដល់អតីតកូនក្រុម the voice kids របស់ខ្ញុំ អ៊ុឆេង យុត្តិការ និងអរគុណដល់ក្រុមគ្រួសាររបស់គាត់ ដែលបានផ្តល់កត្តិយសជូនគ្រួសារ បងដើរកំសាន្តនៅរតនគីរីពេញមួយថ្ងៃ ហើយជាពិសេស គឺសូមអរគុណដល់ប្រូ ស៊ិន វិសាល នឹងភរិយាដែល បានចំណាយពេលវេលាមក កំដរគ្រួសារចែដើរកំសាន្ត អរគុណអ្នកទាំងអស់គ្នាសំរាប់ក្តីស្រលាញ់ អនុស្សាវរីយ៏ដ៏រីករាយបីគ្រួសារ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី goodnight»។

យ៉ាងណាមិញ ទស្សនិកជន និងអ្នកលេងបណ្តាញសង្គម ក្រៅពីមានការចាប់អារម្មណ៍ពីសកម្មភាពរបស់ សួស វីហ្សា និង ថម មី ហើយនោះ ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងវត្តមាន កុមារី អ៊ុឆេង យុត្តិការ ព្រោះតាំងពីបញ្ចប់ការប្រឡង The Voice Kids Cambodia មក នាងមិនសូវបង្ហាញមុខក្នុងបណ្តាញសង្គម និងកម្មវិធីនានាឡើយ។

តែយ៉ាងណា ជាមួយនឹងសកម្មភាពទទួលរាក់ទាក់ មេក្រុម សួស វីហ្សា នៅពេលនេះ គឺបានបង្ហាញពីការគោរព ស្រឡាញ់រាប់អាន យ៉ាងកក់ក្តីពីសំណាក់ កុមារី អ៊ុឆេង យុតិ្តការ​ ចំពោះសួស វីហ្សា បើទោះបីជា នាង មិនទទួលជយលាភីក្នុងកម្មវិធីក្តី តែអ្នកទាំងពីរនៅតែ រក្សាទំនាក់ទំនងល្អជាមួយគ្នា៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖