ជប៉ុននៅតែមានឥទ្ធិពលទៅលើលិខិតឆ្លងដែន ខ្លាំងជាងគេ​បំផុតនៅលើពិភពលោក!

ត្យូក្យូ៖  ប្រទេសជប៉ុនកំពុងតែមានឥទ្ធិពលទៅលើលិខិតឆ្លងដែន ខ្លាំងជាងគេ​បំផុតនៅលើពិភពលោក​ក្នុងឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះដែរប្រជាជនម្នាក់ៗ កំពុងតែកាន់លិខិតឆ្លងដែនដ៏មានឥទ្ធិពលជាងគេ តាមពីក្រោយ ប្រទេស​សិង្ហបុរី និងកូរ៉េខាងត្បូង ខណៈលិខិតឆ្លងដែន ឬ passport នៃបណ្ដាប្រទេស​អាស៊ីទាំងនេះ​ នៅតែបន្តឈរ​នៅលំដាប់​កំពូលៗ។ នេះបើតាម​ស្ថាប័ន Henley Passport ដកស្រង់​ដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

បើយោងតាម Henley Passport ជប៉ុនបាន​ឈរនៅលេខរៀងទី ១ ដោយមានប្រជាជន​អាចធ្វើដំណើរដោយគ្មា​នទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩០។​ ពោលគឺតាមពី ក្រោយដោយប្រទេស​សិង្ហបុរី និងកូរ៉េខាងត្បូង ដែលឈរនៅ​លេខ ២ ដូចគ្នា ដែលប្រជាជនខ្លួន​អាចធ្វើដំណើរមិន​ចាំបាច់មានទិដ្ឋាការ ​ទៅកាន់ប្រទេសចំនួន១៨៩។

គួរបញ្ជាក់ថា បើតាម Henley Passport គឺប្រទេស​អាល្លឺម៉ង់ និងបារាំង ឈរនៅលេខរៀងទី ៣ ដូចគ្នា ហើយប្រជាជននៃប្រទេស​ទំាងពីរអាចធ្វើ ដំណើរដោយគ្មាន​ទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៨៨។ ស្របពេល​នេះផងដែរសហរដ្ឋអាមេរិក និងចក្រភព​អង់គ្លេស បន្តស្ថិតនៅលេខ​រៀងទី ៦ ដូចគ្នាដែលមានលិខិត​ឆ្លងដែនមានឥទ្ធិពលជាងគេ​ នៅលើពិភពលោក ជាមួយគ្នានេះប្រជាជន​របស់ពួកគេអាចធ្វើដំណើរ​ទៅកាន់ប្រទេសចំនួន ១៨៥ ដោយមិនចាំបាច់​មានទិដ្ឋាការអ្វីឡើយ។

ដោយឡែកបើយើង​ងាកទៅមើលបណ្តា​ប្រទេសផ្សេងទៀត ដែលមានទិដ្ឋាការ​ខ្សោយជាងគេ ឈានចូលមកដល់ដើមឆ្នាំ២០១៩ វិញនោះ គឺមានដូចជា ទី ១ អ៊ីរ៉ាក់, ទី ២ ស៊ីរី និងសូម៉ាលី, ទី ៣ ប៉ាគីស្ថាន, ទី ៤ យ៉េមែន និងទី ៥ គឺប្រទេស​អេរីទ្រា។ ការជាប់​​លំដាប់ថ្នាក់​បាតតារាង​បែបនេះ ក៏ព្រោះតែ​ប្រទេស​ទាំង ៦ នេះ​កំពុងស្ថិត​នៅក្នុង​ភាព​​អសន្តិសុខ​ខ្លាំង និងកំពុងមានសង្គ្រាមទៀតផង៕