ឌឺដងពេក! ស្រ្តីម្នាក់ ទប់ចិត្តមិនបានគប់មួយដុំថ្មបែកក្បាល នៅកន្លែងចំណតរង់ចាំរថយន្តក្រុង

ភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាអ្នករត់ម៉ូតូឌុបចាស់វស្សានៅម្តុំពេទ្យលោកសង្ឈ ត្រូវស្រ្តីម្នាក់គប់១ដុំថ្ម បណ្តាលឲ្យបែកក្បាលហូសឈាម ដោយសារតែស្រ្តីរូបនោះ មិនពេញចិត្តនឹងទង្វើមិនល្អ ដែលធ្វើមកលើគាត់ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦នឹង៣០នាទីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ចំណុចចំណតរង់ចាំរថយន្តក្រុងម្តុំពេទ្យលោកសង្ឈ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីបុរសរងគ្រោះដែលជាអ្នករត់ម៉ូតូឌុប បានឲ្យដឹងថា ខ្លួនមានឈ្មោះ លៀង ស៊ីចាន់ អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុបបេន ឈរជើងនៅម្តុំពេទ្យលោកសង្ឈ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារទឹកថ្លា។

ប្រភពព័ត៌មាន ពីស្រ្តីដែលបង្កឲ្យបុរសនោះ មានរបួសស្នាម បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានទៅអង្គុយរង់ចាំឡើងរថយន្តក្រុងខាងលើ ប៉ុន្តែកន្លែងអង្គុយនោះ មានបុរសដែលជាអ្នករត់ម៉ុតូហ្នឹងមកដេកដាក់ជើងច្រងេងច្រង៉ាង បណ្តាលឲ្យប៉ះពាល់អីវ៉ាន់ និយាយប្រាប់មិនស្តាប់ ទើបបណ្តាលឲ្យគាត់ទប់អារម្មណ៍មិនបាន ក៏បានប្រកែកឈ្លោះគ្នាមួយប្រាវ។

ប្រភពព័ត៌មានក៏បានបន្តទៀតថា ទម្រាំរថយន្តក្រុងមកដល់ ស្រ្តីរូបនោះ បានឡើងរថយន្តក្រុងហើយ ក៏បានយកដុំថ្មដែលទទេនៅក្បែរដៃ ក៏បានគប់ទៅលើបុរសនោះ បណ្តាលឲ្យបែកហូរឈាមតែម្តង។

ក្រោយពេលស្រ្តីរូបនោះ ឡើងជិះរថយន្តក្រុងរួច បុរសអ្នករត់ម៉ូតូឌុបនោះ បានជិះម៉ូតូដេញតាម រហូតមកដល់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទើបរថយន្តក្រុងបានឈប់ឲ្យដោះស្រាយគ្នា។

ដោយមានការជជែកគ្នាយកត្រូវរៀងខ្លួន ហើយបានបង្កឲ្យមានកក់ស្ទះអ្នករួមដំណើរ ភ្លាមនោះ ក៏មានបុរសវ័យចំណាស់ចិត្តធម៌ម្នាក់ ចេញមុខជួយដោះស្រាយ ចេញថ្លៃថ្នាំព្យាបាលរងបួសចំនួន៣ម៉ឺន ទើបបុរសអ្នករត់ម៉ូតូឌុបនោះ ត្រជាក់ចិត្តព្រមឈប់តាមរករឿងស្រ្តីនោះបន្តទៀត ជិះម៉ូតូត្រលប់ទៅវិញ៕ បក្សីចាំក្រុង