ថ្ងៃស្អែកនេះ រដ្ឋបាលខេត្តសៀមរាម នឹងគោរពពិធីអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះ «៧មករា» ដែលជាថ្ងៃប្រទេសជាតិ និង ប្រជាជនកម្ពុជា បានរួចផុតពីជ្រោះមរណៈ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត

សៀមរាប៖ េសចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងឱកាសដែលប្រជាជនកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩  ដែលជាថ្ងៃប្រទេសជាតិ និងប្រជាជនកម្ពុជា បានរួចផុតពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយត្រូវប្រជាជនយើង បានចារិកទុកនូវក្នុងបេះដូង គឺជាថ្ងៃផ្តល់កំណើតទី២ របស់យើងគ្រប់ៗរូប ។

ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩ នេះ ខេត្តសៀមរាប ក៏ដូចនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍ធំនេះ ឡើង ទៅតាមថ្ងៃដែលខេត្តនីមួយៗបានរំដោះ ជាក់ស្តែងខេត្តសៀមរាប នាថ្ងៃទី១០ មករា ស្អែកនេះ នឹងបានរៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ ដោយថ្ងៃទី១០ ខែមករា នេះ ហើយដែលប្រជាជនខេត្តសៀមរាប បានរួចចាកផុតពីនឹមឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ម៉្យាងទៀតនៅថ្ងៃទី១០ មករានេះ ដែរ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មហាជន ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនជាតិ និងភ្ញៀវជាតិ អន្តរជាតិ ។ ចាប់ពីម៉ោង៦នឹង៣០នាទីព្រឹកតទៅ រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា យ៉ាងមហោឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ នៅបរិវេណទីធ្លាសួនច្បារសណ្ឋាគារមហាអង្គរ ខាងជើងព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ដោយមានការដើរដង្ហែព្យុហយាត្រារបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ,ក្បួនមន្ត្រីរាជការ គ្រប់មន្ទីរអង្គភាពក្នុងខេត្ត , ក្បួនមន្ត្រីរដ្ឋបាលក្រុងស្រុក ,ក្បួនលោកគ្រូអ្នកគ្រូ ,ក្បួនសិស្សានុសិស្ស , ក្បួនក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត , ក្បួនក្រុមកាយរឹទ្ធ , ក្បួនក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត , ក្បួនសិល្បៈ , ក្បួនកីឡាករ ,ក្បួនមហាជន និងក្បួនបងប្អូនខ្មែរឥស្លាម ជាដើម ។

ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លោកទី៤០ឆ្នាំ នៃថ្ងៃជ័យជំនះ ៧ មករា ឲ្យបានច្រើនកុះករ ក្នុងការចូលរួមធ្វើការ អបអរ សាទរនៅតាមដងផ្លូវចំពោះក្បួនព្យុហយាត្រារបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ , ក្បួនមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពក្នុងខេត្ត និង ក្បួនមហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្ហាញនូវស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរភាពកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់អាយុជីវិតយ៉ាងធំធេង ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងការបញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ហើយដែលបាន កាប់សម្លាប់ និង ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់ និង ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និង ការពារការរស់ឡើងវិញរបស់កម្ពុជា ក្រោមដំបូលសន្តិភាព ក្រោមកិច្ចដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង ជានាយករដ្ឋមន្ត្រី ៕ប៊ុនរិទ្ធី