កាំកុងត្រូលខេត្តប៉ៃលិន រកឃើញទំនិញខូចគុណភាព នាំចូលមកពីបរទេស

ប៉ៃលិន៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន ប្រចាំច្រកទ្វារអន្តរជាតិព្រំ ដោយមានការចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះ បានចុះពិនិត្យទំនិញ ដែលនាំចូលពីបរទេស ក្នុងគោលបំណងទប់ស្កាត់ ការនាំចូលផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ។

មន្ត្រីជំនាញ បានធ្វើតេស្តបឋមលើគំរូ សាច់គោ និងសាច់ត្រីក្លាស់សេ ដែលដឹកតាមរទេះ។ ចំពោះជាលទ្ធផល បានរកឃើញផលិតផលម្ហូបអាហារខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ០៥ កេសធំ ក្នុងនោះរួមមាន៖ សាច់គោក្លាស់សេចំនួន ៩០ គីឡូក្រាម ,សាច់ត្រីក្លាស់សេចំនួន ៦០ គីឡូក្រាម សរុបទាំងអស់មានចំនួន ១៥០ គីឡូក្រាម

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ដោយឡែកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល៕