ជនជាតិចិនម្នាក់ បានបើករថយន្តស្លាកលេខ នគរបាល​ 2-5553 ត្រូវកម្លាំងនគរបាលចរាចរណ៍​ផ្លូវគោក ឃាត់ខ្លួន!

​ព្រះ​សីហ​នុ​៖​ នៅ​ថ្ងៃ​ពុធ​ ៤​កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​នឹង​៣០​នាទី​ នៅ​ចំណុច​ស្តុ​ប​ពាណិជ្ជកម្ម​ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​ ឃាត់ខ្លួន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS​ LX470​ ពណ៌​ស​ ពាក់​ស្លាក​លេខ​នគរបាល​ 2-5553​ បើកបរ​ដោយ​ជនជាតិ​ចិន​ មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​សាកសួរនាំ​ ។​

​បើយោងតាមការ​សាកសួរនាំរបស់សមត្ថកិច្ច​ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ KE​ HONG​ SHAN​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ ចិន​ កាន់​លិខិតឆ្លងដែន​លេខ​EE0949010​ ស្នាក់​នៅ​ក្នុងភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យដឹងថា​ រថយន្ត​ខាងលើ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ​ហួត​ គង់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​ នគរបាល​ជាតិ​ នៅ​ផែន​សណ្តាប់ធ្នាប់​ ក្រសួងមហាផ្ទៃ​ មាន​ទីលំនៅ​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ភ្នំពេញ​ ជា​អ្នកបើកបរ​ជូន​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ​ CHEN​ YUAN​ HUA​ ជនជាតិ​ចិន​។​

​នា​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៩​ ជនជាតិ​ចិន​ខាងលើ​ បាន​បើកបរ​រថយន្ត​ខាងលើ​ គោលបំណង​ចង់ទៅ​ជួសជុល​ លុះដល់​ចំណុច​ខាងលើ ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ឃាត់​យក​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។​ មូលហេតុ​ដែល​ជនជាតិ​ចិន​ ខាងលើ​បើកបរ​រថយន្ត​នេះ​ ដោយសារ​ម្ចាស់​រថយន្ត​ ទៅ​ភ្នំពេញ​មិន​ទាន់​មក​ ៕