បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បានបុករួចគេចខ្លួនបាត់! 

ព្រះសីហនុ៖ នៅម៉ោង១៥នឹង៣០នាទីរសៀលថ្ងៃទី០៩ ែខមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ ស្ថិតក្នុងភូមិ មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខាត់ ថុល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករដូងប្រេង (របួសធ្ងន់) មានទិសដៅឆ្លងផ្លូវពីលិចទៅកើត មកដល់ចំណុចខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀត (មិនស្គាល់សញ្ញាណ) បើកបរទិសដៅព្រះសីហនុទៅភ្នំពេញ បានបុករួចហើយ ក៏បើករត់គេចបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនមកសង្គ្រោះនៅពេទ្យឯកជនវាលរេញ ហើយករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕ដោយ វ៉ើន កញ្ញា