រថយន្តក្រុមហ៊ុនដឹកស្រាបៀរអង្គរ បុកម៉ូតូរបួសធ្ងន់០២នាក់

បន្ទាយមានជ័យ៖ ក្មេងប្រុស២នាក់ ត្រូវរថយន្តដឹកស្រាបៀបុករងរបួសធ្ងន់ ម្នាក់បាក់ជើង​និងដៃ ម្នាក់ទៀតបែកក្បាល បើកបរក្នុងទិសដៅច្រាស់ទិសគ្នា ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៨នឹង៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងផ្លូវអក្សរTចម្ងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។​

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ បានឃើញក្មេងប្រុស២នាក់ ជិះម៉ូតូជាមួយគ្នា ម៉ាកRSX ស៊េរី២០១៥ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M.6583 ។ អ្នកបើកបរម៉ូតូឈ្មោះ ឡុញ អ៊ីស៊ិញ ភេទប្រុស អាយុ១៤ឆ្នាំ នៅរស់ភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ និងអ្នករួមដំណើរដោយឈ្មោះ ព្រាន ចាន់សួន ភេប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយ បានធ្វើដំណើរក្នុងទិសដៅពីខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកHyundai ពណ៌ក្រហម ជារថយន្ដក្រុមហ៊ុនដឹកស្រាបៀរអង្គរ ចង្កូតស្ដាំពាក់ស្លាកលេខBMC 0017 បើកច្រាស់ទិសគ្នា បើកបរដោយឈ្មោះ សាន ម៉ាន់ទី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរោងគុន ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យឈ្មោះ ឡុញ អ៊ីស៊ិញ បាក់ជើងខាងឆ្វេង និងបាក់ដៃខាងឆ្វេង ។ រីឯអ្នករួមដំណើរឈ្មោះ ព្រាន ចាន់សួន រងរបួសបែកក្បាល និងរបួសខ្នងជើងខាងឆ្វេង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផាខេត្ដសៀមរាបដើម្បីធ្វើការសង្គ្រោះ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕SN