ថ្មីៗនេះ លោក Jeff Bezos ជាមហាសេដ្ឋីលំដាប់ពិភពលោក​ បានលែងលះភរិយា ក្រោយពីរៀបការបាន២៥ឆ្នាំ

 អាមេរិក៖ បើយោងតាមសារព័ត៌មាន Fox News Network បានចេញផ្សាយនាយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា លោក Jeff Bezos ​ជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅលើពិភពលោកនេះ។ បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិគាត់បើ គិតជាទឹកប្រាក់១៣៧ពាន់លានដុល្លារអាមេរិក ហើយលោកបានធ្វើការប្រកាស ពីការលែងលះរបស់លោក នៅថ្ងៃពុធនេះ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter។

លោក Jeff Bezos និងភរិយារបស់លោកគឺ អ្នកស្រី MacKenzie បានលែងលះគ្នាហើយ ក្រោយពីបានរៀបការជាមួយគ្នា បានរយៈពេល២៥ឆ្នាំ, នេះបើតាមការប្រកាសពីលោក Jeff Bezos ​នាយកប្រតិបត្តិការក្រុមហ៊ុន Amazon និងជាម្ចាស់សារព័ត៌មាន Washington Post ផងដែរ។

គួរបញ្ជាក់ផងដែរថា ជីវិតរៀបការរយៈពេល២៥ឆ្នាំកន្លងទៅនេះ ពួកគាត់មានកូនចំនួន៤នាក់ ក្នុងនោះមានកូនប្រុស៣នាក់ និងកូនស្រីម្នាក់។ យ៉ាងណាក៏ដោយ មិនទាន់មានការប្រាប់ឱ្យដឹងនោះទេថា ការលែងលះគ្នារបស់គូរស្នេហ៍មហាសេដ្ឋីលំដាប់ពិភពលោកនេះ កើតឡើងដោយសារមូលហេតុអ្វីនោះទេ៕