ថ្មីៗនេះ បាន មុន្នីល័ក្ខ បានចេញមុខបកស្រាយ បន្ទាប់ពីបែកធ្លាយរឿង ធ្លាប់ភ្ជាប់ពាក្យជាមួយ DJ Cake

ភ្នំពេញ៖ បច្ចុប្បន្ននេះ អ្នកតាមដាន វិស័យសិល្បៈទើបបានដឹងយ៉ាងច្បាស់ ថាស្នេហារបស់តារាស្រី សំនៀងមានទឹកដម បាន មុន្នីល័ក្ខ និង DJ Cake បានចាប់ផ្តើមសាងភាពផ្អែមល្ហែម ជាយូរមកហើយ ​ ថែម​ទាំង​​បង្ហើប​ទៀតថា​អ្នកទាំងពីរ​នេះបានផ្តើម​ស្នេហ៍អស់ពេល​ជិត​៤ឆ្នាំទៅហើយ និងមានឈ្មោះ​ជាគូ​ដណ្តឹង​ថែមទៀតផង ។ប៉ុន្តែនៅមុននេះបន្តិច​គេក៏ស្រាប់​ឃើញ​អតីត​​បេក្ខជន The Voice Cambodia រូបនេះបានចេញមកបញ្ជាក់​យ៉ាងច្បាស់ពីដំណើរ​វិវត្តន៍នៃស្នេហារបស់ខ្លួន។

បាន មុន្នីល័ក្ខ បានបង្ហាញសារយ៉ាងមានទំនុកចិត្តជាខ្លាំង មើលទៅទំនងជាខ្លាចខូចហាងឆេង​ជា​តារាក្រមុំ​ពេញសាច់គួរ​ចោម​ពី​កន្លង់ផងនោះ ឱ្យដឹងថា «ខ្ញុំសុំបញ្ជាក់ថា ខ្ញុំ និងបង DJ Cake បានផ្ដាច់​ពាក្យនឹង​គ្នាចប់យូរណាស់ហើយ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំខ្ញុំ និងបង DJ CAKE ជាអ្វីនឹងគ្នាតទៀត ហើយសព្វថ្ងៃពួកយើងត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះ»។

បន្ទាប់ពីលេច​ឡើង​នូវ​សម្តីបដិសេធ​ពីទំនាក់​ទំនង​របស់តារាស្រីកំពុងឡើងកូដរីក​ស្គុះ​ស្គា​យ​​លើ​​ទ្រនំ​ហង្ស​មាសរូបនេះ ហាក់​បីដូចជាបានផ្តល់ក្តី​សង្ឃឹម​ដល់​មិត្តបុរសៗដែល​តែងប៉ង​ចង់​បាន​នាង​ស្ម័គ្រ​ ថ្វីដ្បិត​ក្រៅពីមាន​ទឹក​ដម​ពិរោះទាក់ចិត្តហើយនោះ បាន មុន្នីល័ក្ខ ក៏មានរូប​រាង​ស្រស់ស្អាត និងកែវ​ភ្នែក​មុតស្រួច​គួរខ្នាញ់ទៀតផង ក្នុងនោះ​ក៏មាន​អ្នកគាំទ្រ​នាង បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​បរាជ័យស្នេហ៍នេះផងដែរ។