លោក គីម ជុងអ៊ុន ក្នុងជំនួបជាលើកទី២ជាមួយលោក ដូណាល់ ត្រាំ សន្យាថានឹងលេចចេញជាលទ្ធផលផ្លែផ្កាដែល​ សហគមន៍អន្តរជាតិទាំងមូលទទួលស្គាល់

ប្រទេសចិន៖ បើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩នេះបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅអំឡុងបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសចិនថាទីក្រុងព្យុងយ៉ាងនឹង ព្យាយាមប្រឹងប្រែងធ្វើឱ្យកិច្ចប្រជុំកំពូលជាលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លេចចេញជាលទ្ធផលផ្លែផ្កាដែល​ សហគមន៍អន្តរជាតិទាំងមូលទទួលស្គាល់។

យោងតាមភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ លោក គីម ក៏បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយសង្ឃឹមយ៉ាងមុតមាំថាភាគីពាក់ព័ន្ធទាំងអស់អាចនឹង​យល់ពីក្ដីព្រួយបារម្ភប្រកបដោយហេតុផលរបស់កូរ៉េខាងជើង ហើយផ្ដល់ចម្លើយតបមកវិញដូចដែលទីក្រុងព្យុងយ៉ាងបាននិងកំពុងធ្វើនាពេល​បច្ចប្បន្ន ដើម្បីលើកកម្ពស់ក៏ដូចជាស្វែងរកដំណោះស្រាយសម្រាប់តំបន់ឧបទ្វីបកូរ៉េ។

សូមរំលឹកថា លោក គីម ជុងអ៊ុន បានបញ្ចប់ដំណើរទស្សនកិច្ចជាលើកទី៤ របស់លោកក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ហើយដំណើរទស្សន​កិច្ចនេះទៀតសោត កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោកនឹងត្រូវជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលជាលើក​ទី២នាពេលឆាប់ៗនេះ សំដៅដោះស្រាយភាពជាប់គាំងជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលមេដឹកនាំទាំងពីរធ្លាប់បាន​សន្យានៅឯកិច្ចប្រជុំក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅ៕