ដឹងទេ!! ក្នុងឆ្នាំ២០១៨នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានប៉ុន្មានករណី និងឃាត់ខ្លួនជនសង្ស័យបានប៉ុន្មាននាក់?

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨ កម្លាំងនគរបាលជាតិ ក្នុងប្រតិបត្តិការតស៊ូបង្ក្រាបគ្រឿងញៀន បង្ក្រាបបាន ៦,៧៩២ករណី ឃាត់ខ្លួនជនល្មើស ១៣,៣៨៧នាក់ (ស្រី១,០១១នាក់) និងអនុវត្តតាមដីកាឃាត់ខ្លួន២១៧នាក់ (ស្រី៩នាក់)។

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើយោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្នុងប្រតិបតិ្តការពេញមួយឆ្នាំនេះ កម្លាំងនគរបាលទូទាំងប្រទេសរឹបអូសគ្រឿងញៀនចំនួន ៥០៨គីឡូក្រាម ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន១,០១៧ករណី ឃាត់ខ្លួនជនល្មើស១,៧២៥នាក់ ស្រី២១៨នាក់ ដោយរឹបអូសថ្នាំញៀន បានចំនួន១៥៨គីឡូក្រាម។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៨មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដើម្បីរួមគ្នាបង្ការ គ្រប់គ្រង និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដាទីតាំងកម្សាន្ដផ្សេងផងដែរ។

បន្ថែមពីនេះ មន្ដ្រីជំនាញក៏បានចុះស្រង់តាមបណ្ដាគោលដៅងាយរងគ្រោះ បទល្មើសគ្រឿងញៀន សរុបចំនួន២៩៩៧ទីតាំង ក្នុងបានធ្វើកិច្ចសន្យារួមចំនួន៩៧២ទីតាំង មិនទាន់ធ្វើកិច្ចសន្យា២០២៥ទីតាំង៕