តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបង ស្រូបយកភ្ញៀវទសចរណ៍ជិត៧សែននាក់ ក្នុងឆ្នាំ២០១៨

បាត់ដំបង៖ តំបន់ទេសចរណ៍រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិជាច្រើន ក្នុងខេត្តបាត់ដំបងបានស្រូបទាញយកភ្ញៀវទេសចរណ៍កើនឡើងដល់ជិត ៧សែននាក់ ក្នុងឆ្នាំ២០១៨កន្លងមកនេះ។

លោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យុដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះថា ដោយសក្តានុពលនៃវិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបងមានជាច្រើន ដូចជា គោលដៅទេសចរណ៍សារមន្ទីរខេត្ត ស្ថាបត្យកម្មនានា វត្តបុរាណ ស្ពានបុរាណ និងសំណង់អាគារផ្ទះបុរាណជាច្រើនស្អេកស្កះប្រកបដោយភាពទាក់ទាញ គួបផ្សំជាមួយការផ្តល់សេវាផ្សេងៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ផ្តល់នូវភាពកក់ក្តៅ ដោយសុវត្ថិភាព សេវាកម្មម្ហូបអាហារល្អ ពិសេស ប្រតិបត្តិករនៅតាមសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ឬនៅតាមភោជនីយដ្ឋាន អាហារដ្ឋានជាច្រើនទៀតផងដែរ។ សក្តានុពលនៃវិស័យទេសចរណ៍ទាំងនេះហើយ បានឆក់យកការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិពីគ្រប់ទិសទី បានកើនឡើងជាលំដាប់ពិសេសបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់រាប់ពាន់នាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀតក្នុង១ឆ្នាំៗ។  វិស័យនេះបានរួមចំណែកកសាងសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សថែមទាំងបានផ្តល់ឱកាសការងារកាត់បន្ថយភាពក្រីក្របានយ៉ាងប្រសើរផងដែរ។

លោកប្រធានមន្ទីរគូសបញ្ជាក់បន្ថែមថា៖ រមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗរបស់ខេត្តបាត់ដំបងមានជាច្រើនដូចជា រមណីយដ្ឋានធម្មជាតិទឹកពុះកំរៀង សេកសក ល្អាងភ្នំបាដាក និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទបាណន់ ប្រាសាទស្នឹង រមណីយដ្ឋានភ្នំសំពៅ និងល្អាងសត្វប្រចៀវ រួមទាំងការជិះណូរីលេងកម្សាន្តជាដើម។

គួរបញ្ជាក់ផងដែរថា បើយោងតាមស្ថិតិប្រចាំឆ្នាំ២០១៨កន្លងមកនេះ ភ្ញៀវទេចរណ៍ដែលចូលមក លេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងមានជនជាតិបារាំង អាមេរិក ថៃ ជនជាតិចិន វៀតណាម អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ជនជាតិកូរ៉េខាងត្បូង អេស្ពាញ និងភ្ញៀវជនជាតិផ្សេងៗជាច្រើនទៀតសរុបចំនួន ៦៦៨,៣៣២នាក់ កើនឡើងជាងឆ្នាំចាស់ចំនួន ៨.១២% ខណះឆ្នាំ២០១៧ភ្ញៀវចម្រុះជាតិសាសន៍មានត្រឹមតែ ៦១៨,១៣៨នាក់ប៉ុណ្ណោះ ៕