ប្រសាសន៍សម្តេចតេជោ ហ៊ុន​ សែន អំពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ពេលនេះសហជីព៣ ចេញសេចក្តីថ្លែងការណ៍គាំទ្រ

ភ្នំពេញ៖ ប្រសាសន៍សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងអំពីការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ សហជីពធំៗនៅកម្ពុជាចំនួន៣ បានចេញសេចក្តីថ្លែងការណ៍គាំទ្រ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

សូមជម្រាបថា សម្តេចបានមានប្រសាសន៍ អំពាវនាវដល់សហជីព ដែលកំពុង​ធ្វើចលនា ឱ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ នេះជាប្រសាសន៍អំពាវនាវរបស់សម្តេច ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាព ចុះជួបសំណេះសំណាល ជាមួយមួយកម្មករ កម្មការិនី នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី០៩ ខែមករាម្សិលមិញនេះ។

ក្នុងនោះសហជីពទាំង៣ ដែលបានចេញសេចក្តីថ្លែងការណ៍ គាំទ្រប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា រួមមាន៖ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ, សហព័ន្ធសហជីពឯករាជ្យនៅកម្ពុជា និងសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឱ្យរោងចក្រ ប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រ កាលពីពេលមុនគឺអនុវត្តន៍តាមច្បាប់ចាស់ មិនមែនអនុវត្តន៍តាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែរោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួកគេផងដែរ៕