ប្រជាពលរដ្នថ្លែងថា បើអាជ្ញាធរគ្មានឆន្ទៈបង្រ្កាប់បទល្មើសឈូសឆាយដីព្រៃលិចទឹកឱ្យមានប្រសិទ្ធភាពទេ ព្រៃលិចទឹកនឹងរលាយអស់ក្នុងពេលខាងមុខ

កំពង់ធំ៖ ឈ្មួញនៅតែបន្ដលួចឈូសឆាយដីព្រៃលិចទឹកតំបន់៣ យ៉ាងគឃ្លើនមិនខ្លាចញញើតច្បាប់សូម្បីតែបន្ដិច បើទោះបីមានការឃ្លាំមើល និងចាត់វិធានការក្ដៅពីសំណាក់មន្រ្ដីជំនាញ និងដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ ក៏ដោយ យើងនៅតែសង្កេតឃើញថាឈ្មួញបានឃុបឃិតជាមួយ និងប្រជាការពារ និងមន្រ្ដីខិលខូចមួយចំនួន ដាក់គ្រឿងចក្រលួចឈូសឆាយដីព្រៃលិចទឹកជាបន្ដបន្ទាប់។

ជាក់ស្ដែង នៅថ្ងៃទី២២ និង២៣ ខែធ្នូឆ្នាំ២០១៨ ឈ្មួញបានឈូសឆាយដីព្រៃនៅតំបន់៣ ត្រង់ចំនុចព្រះស្នែង ភូមិខ្សាច់ជីរូស ឃុំកំពង់គោ ស្រុកកំពងស្វាយ ខេត្តកំពងធំ រហូតដល់ថ្ងៃទី២៧និង២៨ ខែធ្នូ ឆ្នាំ២០១៨ ឈ្មួញបានដាក់គ្រឿងចក្រឈូសឆាយព្រៃលិចទឹកនៅតំបន់៣ ចំនុចដំរីស្អុយ ក្នុងភូមិខ្សាច់ជីរូស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពងធំ និងនៅថ្ងៃទី០៨ និង០៩ ខែមករា ឆ្នាំ២០១៩ ឈ្មួញបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ត្រង់ចំនុច កែងព្រះស្នែងដៃធំ និងចំនុចទទឹងថ្ងៃ ក្នុងភូមិខ្សាច់ជីរូស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៏មានពីប្រជាពលរដ្ននៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ម្សិលម៉ិញ បានប្រាប់ថា នៅត្រង់ចំនុចកែងព្រះស្នែងដៃធំ មានការឈូសឆាយដីព្រៃលិចទឹកបន្ដទៀតដោយមាន លោក ហ៊ុល ហ៊ៀល ជាប្រជាការពារ និងជាអ្នកយាមអាត្រាក់ក្នុងអំឡុងពេលអាត្រាក់ចូលធ្វើសកម្មភាពឈូសឆាយដី និងជាអ្នកប្រាប់ឱ្យុប្រជាពលរដ្ន រុះរើក្រោល គោ ក្របើ ចេញពីទីនោះ ដើម្បីគេឈូសឆាយយកដី ដែលជាប់មាត់បឹងតែម្ដង និងមេការឈ្មោះ ឆុត បុនថាំ។ ចំណែកមួយកន្លែងទៀតឈ្មួញឈូសឆាយនៅចំនុចទទឹងថ្ងៃ មេកា ឈ្មោះ សុន ជាអ្នកនាំអាត្រាក់ចូល៕ប៊ុនរិទ្ធី