១ខែទើបខាងជំនាញ កាំកុងត្រូល បញ្ជូនសំណុំរឿងមកតុលាការ តើវាសនាម្ចាស់ការ៉ាស់សាំងដេប៉ូ រស្មី ពិសី អាចរួចផុតពីសំណាញ់ច្បាប់ដែរ ឬទេ?

កណ្តាល៖ ប្រភពពីមន្ត្រីតុលាការបានថ្លែងថា សំណុំរឿងដែលម្ចាស់ការ៉ាស់សាំងដេប៉ូ រស្មី ពិសី លួចសាំង (រង្វាស់រង្វាល់) ពីអតិថិជនចូលចាក់សាំងជារៀងរាល់ថ្ងៃនោះ បានបញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាលហើយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ តែម្ចាស់ការ៉ាសសាំងអត់មានវត្តមានមកតាមសំណុំរឿងទេ មិនដឹងជ្រុះពាក់កណ្តាលផ្លូវ ឬយ៉ាងណាទេ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងជាអ្នកចុះសម្របសម្រួលនីតិវិធីជាមួយជំនាញខាងកាំកុងត្រូលបានឱ្យដឹងថា សំណុំរឿងបានបញ្ជូនមកដល់ហើយ លោកកំពុងចាត់ការទៅតាមផ្លូវច្បាប់។

មជ្ឍដ្ឋានជាច្រើនបានរង់ចាំមើលថា ម្ចាស់ការ៉ាស់សាំងដេប៉ូ រស្មី ពិសី ដែលជំនាញកាំកុងត្រូល ចុះទៅត្រួតពិនិត្យរកឃើញលួចសាំងពីពួកគាត់នោះមានទោសដែរទេ ឬក៏អ្នកក្រលួចមាន់មួយក្បាលយកមកធ្វើម្ហូបចិញ្ចឹមក្រពះមានទោស ដល់អ្នកមានទ្រព្យធន មានអំណាចលួចសាំង (រង្វាស់រង្វាល់) ជារៀងរាល់ថ្ងៃអត់មានទោសទៅវិញ។ ទោះបីជាជំនាញខាងកាំកុងត្រូល រកឃើញថាការ៉ាស់សាំង ដេប៉ូតេលា រស្មី ពិសី ក្រុងតាខ្មៅ លួចសាំងពីអថិតិជនក្តី ក៏បានបើកដំណើរការដដែល មិនដឹងមានអ្វីនៅពីក្រោយបន្ទាប់ពីត្រួតពិនិត្យរួច និងជាពិសេសថៅកែការ៉ាស់សាំងមិនមានការឃាត់ខ្លួនឡើយ ទោះបីការ៉ាស់សាំងនោះ ធ្លាប់មានវិធានការណែនាំពីជំនាញកាំកុលត្រូលម្តងរួចមកហើយនោះ មជ្ឈដ្ឋានទូរទៅកំពុងមានការរិះគន់ ពីសំណាក់ជំនាញកាំកុងត្រូល ដែលចុះទៅត្រួតពិនិត្យរកឃើញថា៖ ការ៉ាស់សាំងបានបន្លំយកសាំងធម្មតា លក់ជាសាំង ស៊ុបពែ ថែមទាំងលក់មិនគ្រប់លីត្រជូនអ្នកប្រើប្រាស់  ពោលគឺ លួច សាំងពីអតិថិជនតែម្តង។

ក្នុងប្រតិបត្តិការណ៍ចុះត្រួតពិនិត្យនេះ ដឹកនាំដោយលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក គ្រី បូរិន អនុប្រធានមន្ទីរពាណិជ្ជកម្មកាំកុងត្រូលខេត្តកណ្តាល លោក ហ៊ិន ង៉ែត អនុប៉ុស្តិ៍សាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

ហេតុការណ៍ចុះត្រួតពិនិត្យនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅចំណុចការ៉ាស់សាំង ដេប៉ូ រស្មី ពិសី ដែលស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី១៩ វិច្ឆិការ ២០១៨ នៅតែបើកដំណើរការជាធម្មតា។

ប្រភពព័ត៌មានបានលួចបង្ហើបឱ្យដឹងថា ទោះបីជាខាងតុលាការសម្រេចឱ្យបិទទីតាំងការ៉ាស់សាំងនោះបណ្តោះអាសន្នក៏ដោយ ក៏ខាងកាំកុងត្រូលស្នើមិនឱ្យបិទទេ ដោយឱ្យស្ថានីយកែតម្រូវ និងធ្វើកិច្ចសន្យាបន្តទៀត និងមានមេធាវីការពារធានា។ ការស្នើសុំរបស់ខាងកាំកុងត្រូលមិនឱ្យខាងតុលាការបិទការ៉ាស់សាំងនោះបណ្តោះអាសន្ន មជ្ឈដ្ឋានទូរទៅកំពុងរិះគន់យ៉ាងចាស់ដៃថា មិនដឹងមានអ្វីនៅពីក្រោយខ្នង ឬក៏ជំនាញកាំកុងត្រូល មានការឃុបឃិតគ្នាជាមួយថៅកែការ៉ាស់សាំងនោះ។

អ្នកច្បាប់មួយរូប សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ច្បាប់ស្តីពីមាត្រាសាស្ត្រកម្ពុជា មាត្រា៤៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ថ្ងៃ ទៅ ១(មួយ)ខែ និងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល ចំពោះជនណាដែល បង្កើន បន្ថយ ឬបន្លំ រង្វាស់រង្វាល់នៃឧបករណ៏មាត្រាសាស្ត្រ ដែលបានដាក់សញ្ញាត្រួតពិនិត្យរួច ឬ ប្រើប្រាស់ កាន់កាប់ សម្រាប់ក្នុងសកម្មភាពពាណិជ្ជកម្ម ឬលក់ ដាក់តាំងដើម្បីលក់ ឬចែកចាយនូវឧបករណ៏មាត្រាសាស្ត្រដែលខ្លូន បានដឹងថាបានបង្កើន បន្ថយ ឬបន្លំ ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាប់ទ្វេរដង៕ ឆៃ យុទ្ធ