ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបជុំអ្នកសារព័ត៌មាន ស្ដីពីការរីកចម្រើនផ្នែកសារព័ត៌មាន និងសង្គមជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ នេះ ខ្ញុំនឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គីនៅកោះពេជ្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតប្រាកដណាស់ ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និងក្មួយៗ អ្នកសារព័ត៌មានបានឡើយ។ យើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយសារសង្រ្គាម។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើន មកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស។

ខ្ញុំសូមអរគុណបងប្អូន និងក្មួយៗអ្នកសារពទ៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។

នៅក្នុងឆ្នាំសាកលថ្មី ២០១៩ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូន និងកូនក្មួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទូទាំងប្រទេសទទួលបានជោគជ័យក្នុងភាកិច្ចការងារ និងមានសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕