ស្រវឹងស្រាបើករថយន្ត NISSAN NAVARA បុកម៉ូតូកង់បី PassApp ពីក្រោយបេីងជាង១០ម៉ែត្រ​ នៅមុខផ្សារទំនេីប AEON 2(មានវីដេអូ)

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ទើបនឹងចេញពីញ៉ាំការ បើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូកង់បី PassApp មួយគ្រឿង បើកបរដោយបុរសម្នាក់ ខ្ទាតបេីងជាង១០ម៉ែត្ររងបួសធ្ងន់ ហេតុកាតនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ខាងជើងផ្សារអុីអន២ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីម្ចាស់រថយន្តបង្កបានឱ្យដឹងថា មុនកើតហេតុរូបគាត់ទើបនឹងចេញពីញ៉ាំការគេ ដោយបានបើករថយន្តមួយគ្រឿង ម៉ាក NlSSAN NAVARA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2P-9877 បើកបរក្នុងស្ថានភាពស្រវឹងទិសដៅ​ពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូកង់បី PassApp មួយគ្រឿង ពណ៌ស ទេីបនឹងទិញ ពុំទាន់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នា ចំពីក្រោយពេញទំហឹង បណ្តាលឱ្យបេីងជាង១០ម៉ែត្រ បណ្ដាលឱ្យម្ចាស់កង់បីរងរបួសធ្ងន់បន្ទាប់មកត្រូវបានមិត្តភក្តិរត់ម៉ូតូកង់បីដូចគ្នា ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យពន្លឺ ភ្លាមៗ ចំណែកម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ ម៉េង