ពលរដ្ឋរិះគន់លោកសក្តិ៣ ជន ឈាន ថាជាមេខ្លោងក្នុងការកៀងគរពលរដ្ឋ ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ

ឧត្តរមានជ័យ៖ មហាជនបានរិះគន់លោក អនុសេនីយ៍ត្រី ជន ឈាន (ហៅជ្រក់) មេបញ្ជាការកងអនុសេនាតូចលេខ៣ ចំណុះឱ្យអនុសេនាធំការពារព្រំដែនលេខ១ ផ្នែកសឹករង ស្រុកអន្លង់វែងថា ជាមេខ្លោងប្រើអំណាច និងតួនាទីរបស់ខ្លួន ភ្លេចពីកាតព្វកិច្ចការពារ និងបង្រ្កាប់បទល្មើសផ្សេងៗ ដើម្បីសន្ដិសុខ សុវត្ថិភាពពលរដ្ន តែបែរជាឃុបឃិតប្រព្រឹត្តបទល្មើស ក្នុងការកៀងគរពលរដ្ឋឱ្យចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដោយមិនខ្វល់ពីគ្រោះថ្នាក់ ដល់អាយុជីវិតពលរដ្ឋ ដែលយកជីវិតទៅប្រថុយប្រថាននោះឡើយ ព្រោះកន្លងមកទាហានថៃ ធ្លាប់បាញសំលាប់ពលរដ្ឋខ្មែរ និងចាប់ពលរដ្ឋខ្មែរដាក់គុក ដោយសារតែលួចចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីរបស់គេ។

ពលរដ្ឋថ្លែងថាលោក ជន ឈាន គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីពលរដ្ឋណាស្លាប់ឬរស់នោះទេ សំខាន់គឺយកឈើគ្រញូងមកលក់ឱ្យគាត់តាមទីតាំង ដែលលោកឈរជើងនៅឡាក់១០ ឡាក់១១ ភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថាលោក ជន ឈាន ហៅជ្រក់ បានឱ្យប្រាក់ខ្ចីមុន លុះពេលបានឈើត្រូវលក់ឱ្យគាត់ បើអ្នកណាមិនលក់ឱ្យគាត់ទេ លោកនឹងចាប់យកឈើទទេៗ ដោយគ្មានសងប្រាក់នោះឡើយ ដោយពួកគេចែកចេញជាពីក្រុមទី១ មានឈ្មោះ ប៉ក់ និងឈ្មោះ ទួក ទាំងពីរនាក់នេះជាមេក្រុម ដោយមានសមាជិករបស់គេជាង១០នាក់ រស់នៅស្រុកត្រពាំងប្រាសាទ។ ក្រុមទី២ មាន ឈ្មោះរ៉ាត និងឈ្មោះង៉ា រស់នៅភូមិដងទង់ ឯកូនក្រុមពួករបស់គេមានជាង១០នាក់។

ទាំង២ក្រុមនេះ តែងតែស្ពាយឈើមកលក់ឱ្យលោក ជនឈាន ហៅជ្រក់ ក្នុងតម្លៃថោកគឺ ឈើធ្នងមុខ៤០ បណ្តោយមួយម៉ែត្រពីរតឹកមួយគីឡូក្រាមមានតម្លៃ១២០០០រៀល ចំណែកឈើគ្រញូងមាន មុខ០៨ ឬ០៩ ឬមុខ១០បួនជ្រុង មួយគីឡូ១៤០០០រៀល។ លុះប្រមូលទិញឈើបានមួយឡានទើប ដឹកទៅលក់ឱ្យមេឈ្មួញធំ នៅស្រុកអន្លង់វែងតែម្ដង។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោកសក្តិ៣ ជន ឈានហៅជ្រក់ មេបញ្ជាការកងអនុសេនាតូចលេខ៣ ចំណុះឱ្យអនុសេនាធំការពារព្រំដែនលេខ១ ផ្នែកសឹករងស្រុកអន្លង់វែង បានទេជុំវិញការចោទប្រកាន់ខាងលើ តែយើងនឹងរងចាំការបំភ្លឺពីលោក គ្រប់ម៉ោងធ្វើការ។

ពលរដ្ឋសំណូមពរដល់ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តមានជ័យ ស៊ីបអង្កេតមើលរឿងរ៉ាវរបស់ លោកសក្តិ៣ ជន ឈានហៅជ្រក់ មេបញ្ជាការកងអនុសេនាតូចលេខ៣ ចំណុះឱ្យអនុសេនាធំ ការពារព្រំដែនលេខ១ ផ្នែកសឹករង ស្រុកអន្លង់វែងនេះផង ដើម្បីសន្ដិសុខរបស់ពលរដ្ន៕ ដោយ ប៊ុនរិទ្ធី