ម៉ូតូ១គ្រឿងម៉ាក DREAM បានគេចពីរថយន្ត ហើយក៏រេចង្កូតជ្រុលទៅបុក​ម៉ូតូកែច្នៃវេវអ៊ី ពីក្រោយពេញទំហឹង បណ្ដាលឱ្យរងធ្ងន់ និងស្រាលពីរនាក់

 រតនគិរី៖ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ក្មេងស្រីម្នាក់ បានរងរបួសធ្ងន់​ និងបុរសម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីជួយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូ ក្នុងទិសដៅ​ស្របទិសគ្នា នៅចំណុចមុខផ្ទះលោក ចេង ហេង លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

បើយោងតាមសមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ភាគីបង្កមានឈ្មោះ ពូយ លែប ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បើបរម៉ូតូបង្ក១គ្រឿងម៉ាក DREAM ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី១E -៦៤១៣  “រងរបួសធ្ងន់ ចំកេងជើងខាងឆ្វេង”។ ចំណែកជនរងគ្រោះ មានឈ្មោះ​ សុង សំនាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសោមត្រក់ ឃុំ​សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បើកបរម៉ូតូ១គ្រឿងម៉ាកកែច្នៃ វេវអ៊ី​ គ្មានស្លាកលេខ”រងរបួសស្រាល “។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុ បង្កឡើងដោយ​ម៉ូតូ១គ្រឿងម៉ាក DREAM បានគេចពីរថយន្ត ហើយក៏រេចង្កូតជ្រុលទៅបុក​ម៉ូតូកែច្នៃវេវអ៊ី ពីក្រោយពេញទំហឹងតែម្ដង។

ក្រោយកើតហេតុម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ ដើម្បីរង់ចាំធ្វើការ ដោះស្រាយគ្នានៅពេលក្រោយ៕