បេឡាជាតិសន្តិសុខសង្គម បានចេញសេក្ដីជូនដំណឹងដល់មន្រ្តីរាជការស៊ីវិល នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំ ខែមករា ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍លើកទី១

ភ្នំពេញ៖ បើយោងតាមជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា សម្រាប់មន្រ្តីរាជការស៊ីវិល នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា ឆ្នាំ២០១៩ និងប្រាក់គោលនយោបាយសោធនសម្រាប់ខែមករា ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍ លើកទី១ ជូននិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

បញ្ជាក់៖ ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ​នៅទូទាំងប្រទេស។ ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា​ ឆ្នាំ២០១៩ បានចេញសារាចរ ស្ដីពី ការកំណត់នីតិវិធីសម្រាប់បើកផ្ដល់ប្រាក់របបសន្ដិសុខសង្គម រៀងរាល់ពីសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ជូនអតីតមន្ដ្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក។

ការចេញសារាចរ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺក្នុងគោលបំណងដើម្បីធានាបើកផ្តល់របបសន្តិសុខសង្គម​ ជូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជ​ន និងអ្នកនៅក្នុងបន្ទុកតាម​រយៈបេឡាជាតិសន្តិសុខសង្គម ​សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) ​និងបេឡាជាតិអតីតយុទ្ធជ​ន (ប.ជ.អ) បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់២សប្តាហ៍ម្តង ក្នុង១ខែ នីមួយៗ៕