សមត្ថកិច្ចថៃ បានឃាត់ខ្លួន​បុរស​ខ្មែរ​ម្នាក់ ក្រោយពីប្រើល្បិច​​កុំ​ម្ម៉​ង់​ទិញ​ថ្នាំ​ញៀន​តាម​ទូរស័ព្ទ…!

បន្ទាយមានជ័យ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ក្នុងស្រុក​ថៃ​មួយ បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមក​រា ឆ្នាំ២០១៩ ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំ​នៅ​ជិត​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ខ្មែរ​ម្នាក់ ដោយ​ចោទ​ពី​បទជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់។ជនជាប់ចោទ​ឈ្មោះ ​ជិន វ៉​ន ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេលឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ខ្មែរ​ខាងលើ គឺ​សមត្ថកិច្ច​ថៃ​ បាន​ចាប់ខ្លួន​បុរស​ជា​ជនជាតិ​ថៃ​ម្នាក់ ​ហើយ​ពេល​ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​មាន​សារធាតុ​ញៀន មិនតែប៉ុណ្ណោះ ​បុរស​ជា​ជនជាតិ​ថៃ​បាន​សារភាព​ថា ខ្លួន​បាន​ជក់​ថ្នាំ​ញៀន កាលពី​យប់​ថ្ងៃ​ទី​៩ មក​រា ២០១៩ ក្រោយ​ទិញ​ពី​បុរស​ខ្មែរ​ម្នាក់​។

​តាម​ការផ្ដល់ចម្លើយពី​ជនសង្ស័យ​ជា​ជនជាតិ​ថៃ សមត្ថកិច្ច​ថៃ​ក៏​រៀបចំ​ឱ្យ​​កុំ​ម្ម៉​ង់​ទិញ​ថ្នាំ​ញៀន​តាម​ទូរស័ព្ទ លុះ​ពេល​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​កាន់​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​ ៤,៨០១​ក្រាម​ ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​ខ្ចប់​ដោយ​ក្រដាស​លាក់​ក្នុង​កញ្ចប់​បារី​ប្រុង​យក​ទៅឱ្យ​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

បើយោងតាមការឱ្យដឹងពី មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់ បាន​ប្រាប់​តាម​ទូរស័ព្ទ​រសៀល​ថ្ងៃ​ទី​១១ ខែមក​រា ឆ្នាំ២០១៩ ​នេះ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន គឺ​សមត្ថកិច្ច​ថៃ ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ម្នាក់ ​ម្តុំ​ផ្សារ​រុង​ក្លឿ ។

បច្ចុប្បន្នជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ឯ​ខេត្ត​ស្រះ​កែវ ៕