ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ទឹម ស៊ីថង់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត ទឹម ស៊ីថង់ ភេទប្រុស ក្រោមប្រធានបទ “យុត្តាធិការ នៃរដ្ឋបាលព្រៃឈើកណ្តាល ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨”។
ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ ៖
១- សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាប្រធានគណៈកម្មការវាយតម្លៃ។
២- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសមាជិកគណៈកម្មការវាយតម្លៃ។
៣- សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា ជាសាស្ត្រាចារ្យវាយតម្លៃទី១។
៤- សាស្ត្រាចារ្យបណ្ឌិត សូន ឱថស ជាសាស្ត្រាចារ្យវាយតម្លៃទី២។
៥- សាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ ជាលេខាវិទ្យាសាស្រ្ត។
និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖
១- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសាស្រ្តាចារ្យណែនាំគោល។
២- បណ្ឌិតសភាចារ្យ សោម សុមុនី ជាសាស្រ្តាចារ្យណែនាំរង។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឱ្យបេក្ខជនបណ្ឌិត ទឹម ស៊ីថង់ បន្តការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត ប្រធានបទ “យុត្តាធិការ នៃរដ្ឋបាលព្រៃឈើកណ្តាល ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨” បន្តទៀត បន្ទាប់ពីមានការកែលម្អរតាមមតិយោបល់របស់គណៈកម្មការរួចមក។

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។
បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕