សម្តេច​តេ​ជោ ហ៊ុន សែន បានចូលរួមក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកកាសែត​ជាង ៥០០០នាក់ និងបានប្រកាស​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព​ន្លឿ​ន​ដំណើរ​ការរៀបចំ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ

ភ្នំពេញ​៖ នា​ម៉ោង ៥​ល្ងាច ថ្ងៃ​សុក្រ ទី​១១ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ដល់​មជ្ឈមណ្ឌល កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ពិធី​ជួបជុំ លើក​ទី​៣ រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន។​​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានប្រកាសថា ការជួបជុំ លើក​ទី​៣ នាពេលនេះ មាន​អ្នកសារព័ត៌មាន​ចូលរួម​ជាង ៥០០០ នាក់​។​

នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកកាសែត​ជាង ៥០០០នាក់ ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ព​ន្លឿ​ន​ដំណើរ​ការរៀបចំ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​ប្រព័ន្ធ​អា​ណូ​ឡូ​ក ទៅ​ប្រព័ន្ធ​ឌីជីថល ។ ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​នេះ ក្នុង​សមាគម​អាស៊ាន បានកំណត់​ត្រឹម​ឆ្នាំ​២០២០ នៅម្ពុជា តាមរយៈ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានប្រកាសថា កម្ពុជា នឹង​ផ្លាស់ប្តូរ នៅ​ឆ្នាំ​២០២៣​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា យើង​មិនត្រូវ​ចាំ​ដល់​ឆ្នាំ​២០២៣ ទេ គឺត្រូវធ្វើ​ជា​បណ្តើរៗ ដោយ​បើ​មាន​ក្រុមហ៊ុន​ណា ធ្វើ​មុន ក៏​ចាប់ផ្តើម​ទៅ កុំ​ចាំតែ​១​ពេល ដល់​ឆ្នាំ​២០២៣​។ នៅពេលនោះ យើង​យក​ប្រព័ន្ធ​ផ្សាយ​ទូរទស្សន៍​សព្វថ្ងៃ ដែលជា​ប្រព័ន្ធ អា​ណូ​ឡូ​ក ទៅប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​វិញ​។​

​ នៅក្រោយពេល​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឡើង​មានមតិ​ស្វាគមន៍ មុន​សម្តេច​តេ​ជោ ហ៊ុន សែន មានមតិ​សំណេះសំណាល​ទៅកាន់​ក្រុមអ្នកកាសែត​។​ ក្រោយមក មាន​ពិធី​ពិសារ​អាហារ​សាមគ្គី និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សម្តេច ហ៊ុន សែន​។​

​នៅក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកសារព័ត៌មាន នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១១​មករា ឆ្នាំ​២០១៩ ក្រៅពី​អ្នកកាសែត ក្នុងជំនួប​ប្រចាំ​ឆ្នាំនេះ ក៏មាន​មន្ត្រី​អ្នកនាំពាក្យ តាម​ក្រសួង​ស្ថាប័ន​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ខេត្ត​រាជធានី អញ្ជើញ​ចូលរួម​ផងដែរ​។​

​មុន​អញ្ជើញ​ជួប​អ្នកកាសែត នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ពិតប្រាកដ​ណាស់ ការរីកចម្រើន​របស់​របស់​ប្រទេសជាតិ គឺ​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួមរ​បស់បង​ប្អូន និង​ក្មួយៗ​អ្នកសារព័ត៌មាន​បាន​ឡើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​យើង​បាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជាច្រើន​ឆ្នាំ​មកហើយ​ដោយសារ​សង្គ្រាម​។ ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ គឺ​យើង​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគ​គិ​នប​រទេស​”​។​

​ជាមួយគ្នានេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​អរគុណ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ រួមទាំង​បណ្តាញ​ព័ត៌មាន​អន​ឡាញ ( Online News ) និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ (Social Networks) ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា ទៅកាន់​ពិភពលោក ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល លើកដំបូង ជាមួយ​អ្នកកាសែត​ជាង ១០០០​នាក់ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខា ភ្នំពេញ​។ លើក​ទី​២ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៕​