សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​សំណូមពរ ៨ចំណុច ជូន​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​ជួបជុំ លើក​ទី​៣ ជាមួយ​អ្នកសារព័ត៌មាន

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​សំណូមពរ ៨ចំណុច ជូន​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​ជួបជុំ លើក​ទី​៣ ជាមួយ​អ្នកសារព័ត៌មាន នា​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ​។

សំណូមពរ​ទាំង ៨ ចំណុច​នោះ រួមមាន​៖
១-​អ្នកសារព័ត៌មាន ត្រូវ​ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង​ការពិត​ក្នុងសង្គម​
២-​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ធ្វើជា​ស្ពាន​ចម្លង​រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល
៣-​រិះគន់​ស្ថាបនា ទាំង​គោលនយោបាយ ស្ថាប័ន និង​បុគ្គល
៤-​ចូលរួម​វិភាគ​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​ជាតិ តំបន់ និង​អន្តរជាតិ
៥-​អ្នកសារព័ត៌មាន ត្រូវមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ បង្កើន​សមត្ថភាព
៦-​ខិតខំ​លុបបំបាត់​ក្រុម​ព័ត៌មាន ដែល​ជំរិត​ទារប្រាក់​
៧-​ចូលរួម​ប្រយុទ្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​
៨-​អ្នកសារព័ត៌មាន ត្រូវ​បង្កើន​ធនធានមនុស្ស ហើយ​ដើរ​ឲ្យ​ទាន់​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​

​ជាមួយនឹង​ការលើកឡើង​នូវ​សំណូមពរ និង​មតិ​សំណេះសំណាល​ខាងលើ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​សន្យាថា នៅ​ឆ្នាំក្រោយ សម្តេច​នឹង​បន្ត​ជួប​ជាមួយ​អ្នកសារព័ត៌មាន និង​នៅ​ឆ្នាំ​បន្តបន្ទាប់ ហើយ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ហើយ សម្តេច​ក៏​នៅតែ​បន្ត​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ទៀត​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន លើកដំបូង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ និង​ជួប​លើក​ទី​២ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨៕​