ក្រុមស៊ីផឹកទាស់សម្ដីគ្នាប្រើហិង្សាវាយគ្នា បណ្ដាលឱ្យ៤នាក់របួស និង៦នាក់ទៀត ត្រូវបានឃាត់ខ្លួន

សៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកវ៉ារិន បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ថា បានបញ្ជូនជនសង្ស័យ៦នាក់ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប រួចហើយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ម្សិលម៉ិញនេះ បន្ទាប់ពីផឹកស៊ីទាស់សម្ដីគ្នា។​

គួររំលឹកថា ក្រុមស៊ីផឹកមួយក្រុមផឹកចំស្រាកាចផ្ទុះទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ឈានដល់ប្រើហិង្សាវាយតប់គ្នាទៅវិញទៅមក ទីបំផុតអ្នកចាញ់ចំនួន៤នាក់រងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យ ឯអ្នកឈ្នះចំនួន៦នាក់វិញ ត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិន ឃាត់ខ្លួន ហេតុការណ៍ឃាតនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី យប់ទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវមុខផ្ទះឈ្មោះ អឿប សី ភេទប្រុស ស្ថិតក្នុងុភូមិ ខ្សាច់ពពឹល ឃុំស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះចំនួន៤នាក់  ទី១.ឈ្មោះ អ៊ុន សំអុល ភេទប្រុស  របួសក្បាល និងដៃ (ធ្ងន់)បញ្ជូនទៅមន្ទីពេទ្យខេត្ត។ ទី២.ឈ្មោះ ហេង ធី ភេទប្រុស អាយុ២៧ឆ្នាំ របួសធ្ងន់ បញ្ជូនទៅពេទ្យខេត្ត។ ទី៣.ឈ្មោះ ស៊ឹម អន ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសមុខក្បាល។ ទី៤.ឈ្មោះ  អ៊ាប ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល។

ឯជនសង្ស័យចំនួន ៦នាក់ ទី១.ឈ្មោះ បូ ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលនៅភូមិ ជប់ត្រាវ ឃុំវ៉ារិន។  ទី២.ឈ្មោះ សី សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ។ទី៣.ឈ្មោះ ឌី ដែន ភេទប្រុស អាយុ២៦ឆ្នាំ ។ ទី៤.ឈ្មោះ គួន វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៥.ឈ្មោះ សី រិទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៦.ឈ្មោះ ឈឹម ហន ភេទប្រុស អាយុ១៩ឆ្នាំ ទាំង៦នាក់នេះ មានទីលំនៅភូមិ ឃុំ កើតហេតុ ខាងលើ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយឃាត់ខ្លួននាំមកធ្វើការសាកសួរ ក្រុមជនសង្ស័យខាងលើ បានឆ្លើយសារភាពថាពួកគេពិតជាបានយកដំបងឈើ កាំប៉ិតកាប់ និងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួលដួលសន្លប់ និងបន្តយកខ្សែចងជនរងគ្រោះពិតមែន។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែន កណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះថា ករណីខាងលើនេះ យើងនៅមិនទាន់លម្អិតនៅឡើយរងចាំសួរនាំបន្ដទៀត តែទោះបីជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងថា ក្រុមអ្នកភូមិឈ្លោះគ្នាក្នុងវង់ផឹកស៊ីនេះ អាចឈានដល់កម្រិតណានោះទេ។ ប៉ុន្តែប្រភពមួយបានបង្ហើបថា ក្រុមជនរងគ្រោះបានទាមទារសំណងជម្ងឺចិត្តទៅលើក្រុមជនសង្ស័យចំនួន៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕ប៊ុនរិទ្ធី