ស្រវឹងស្រា ជិះម៉ូតូ VIVA ឌុបគ្នាមកផ្ទះ បែរជាទៅបុកម៉ូតូ VIVA មួយគ្រឿងទៀត បណ្ដាលឱ្យដួលរបួសធ្ងន់ទាំង២នាក់ និងម្ខាងទៀតរបួសស្រាល នៅមុខហ្គារ៉ាស់សាំង PTT ចាក់អង្រែក្រោម​!

រាជធានីភ្នំពេញ ៖ សុទ្ធតែអ្នកពិសារគ្រឿងស្រវឹង ហេីយបេីកបរ! មានបុរសម្នាក់បានរងរបួសបាក់ជេីងឆ្វេង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជន​ដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយពីជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យ​ដួល​ ទាំងសងខាង​ កាលពីវេលាម៉ោង១០:២៥នាទីយប់ ថ្ងៃសុក្រ ទី១១​ ខែមករា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ PTT លេីកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសមាឌធំម្នាក់ ទំនងជាស្រវឹងស្រា​ ដោយមានសៀតវិទ្យុទាក់ទង (ID) នៅជាប់ចង្កេះ និងបេីកម៉ូតូមួយគ្រឿង ម៉ាក Suzuki VIVA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AQ-3977 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុខាងលេី ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក Suzuki VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1Z-2082 ឌុបគ្នា ធ្វេីដំណេីរស្របទិសគ្នាពីជើងមកត្បូង ដោយសង្ស័យពួកគាត់ស្រវឹងខ្លាំង និងបើកបរលឿនផង ក៏បានរេចង្កូតទៅបុកពីក្រោយម៉ូតូ VIVA ពណ៌ខៀវ​ ដួលទាំងសងខាង​ បណ្ដាលឲ្យបុរសម្នាក់បាក់ជេីងខាងឆ្វេង​ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកម្ចាស់ម៉ូតូ VIVA ពណ៌ខៀវ រងរបួសស្រាលប៉ុណ្ណោះ តែបានឈ្លោះប្រកែកជាមួយអ្នកដែលកំពុងរបួសធ្ងន់នោះ ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ​ ចុះមកជួយមេីល​ និងរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកកន្លែងកើតហេតុ​ និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកអ្នករបួសទៅមន្ទីរពេទ្យ។ បន្តិចក្រោយឃេីញមានរថយន្តគិលានសង្គ្រោះ​គ្លីនិកឯកជនមួយគ្រឿង របស់គ្លីនិកមហានគរ បានមកដល់ដឹកអ្នករបួស​ទាំង២នាក់នោះ យកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។ ហេីយក៏បញ្ជូនទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកេតុមាលា​វិញ។

ក្រោយកើតហេតុ កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះទៅដល់កន្លែងកើតហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីលជាក់ស្ដែង​ ខណៈដែលម៉ូតូទាំងពីរគ្រឿងត្រូវបានលេីកចេញពីចំណុចកេីតហេតុ យកមកដាក់លេីចិញ្ចេីមផ្លូវ​ មុនសមត្ថកិច្ចមកដល់​ទៀត ទេីបសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ៖ (ម៉េង-Media)