កង់បី Pass App បើកវ៉ាជែងមិនប្រយ័ត្ន ចូលគន្លងផ្លូវម្ខាងទៀត​ ត្រូវរថយន្តស្តារិច បើកទៅបុកចំពេញទំហឹង​ កៀបជាប់តៃកុងយ៉ាងរន្ធត់

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាង ម៉ូតូកង់បី Pass App បើកវ៉ាជែងក្នុងល្បឿនលឿន ចូលទៅគន្លងផ្លូវម្ខាងទៀត ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្តស្តារិចបើកទៅបុកចំពេញទំហឹង បណ្តាលឲ្យរមួលរួញគៀបជាប់អ្នកបើកបរនៅក្នុងកង់បី យកមិនចេញ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅស្នើសុំឲ្យក្រុមសង្រ្គោះរបស់អង្គភាព៧១១ ទៅជួយវះទាញយកជនរងគ្រោះចេញ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង០៥:៤០នាទីព្រឹកព្រលឹម​ ថ្ងៃសៅរ៍​ ទី១២ ខែមករា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី Pass App ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HF-0953 បើកបរដោយឈ្មោះ ឆាយ ថង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច លុះដល់ចំណុចខាងលើ វ៉ាជែងរថយន្តចូលទៅគន្លងផ្លូវម្ខាងទៀត ត្រូវបានរថយន្តមួយគ្រឿង​ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU-4017​ បើកពីលិចទៅកើត ជ្រុលបុកចំពីមុខ បណ្តាលឲ្យរមួលរួញ គៀបជាប់អ្នកបើកបរកង់បី ទាញយកមិនចេញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ​និងសមត្ថកិច្ច។

បន្តិចក្រោយមកបងប្អូនប្រជាពលរដ្ឋ បានទាក់ទង​ហៅក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០ មកជួយទៅជួយវះកាត់ដែកកង់បី ដេីម្បីទាញយកជនរងគ្រោះចេញមកក្រៅ ហេីយរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។

បច្ចុប្បន្នក្រោយកេីតហេតុ​ ចំពោះមធ្យោបាយ រថយន្តនិងម៉ូតូកង់បី PassApp ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យជាក់ស្តែង និងធ្វេីការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយពេលក្រោយ ។

សូមបញ្ជាក់ថា​ ឯកឧត្ដមឧត្តមសេនីយ៍ទោ សូយ​ ណារិទ្ធ​ មេបញ្ជាការរង​កងពលតូចថ្មើរជើងលេខ​៧០ បានមានប្រសាសន៍​ប្រាប់ភ្នាក់ងារ​​ កម្ពុជាទាន់ហេតុការណ៍​ CHN​ ថា​ បេីសិនជាបានជួបហេតុការណ៍គ្រោះថ្នាក់ និងគាបជាប់មនុស្សបែបនេះ​ សូមប្រញាប់ទាក់ទងទៅកាន់ពួកគាត់ឲ្យបានលឿនជាងនេះ​ ពួកគាត់នឹងចេញអន្តរាគមន៍ជួយសង្គ្រោះ​ ២៤ម៉ោង​ តាមរយៈលេខប្រចាំបញ្ជា (២៤ម៉ោង) តាមរយៈ​លេខ 016700700​ ហេីយរាល់ការចេញជួយសង្គ្រោះ​ (ទាំងសង្គ្រោះបន្ទាន់ ទាំងអគ្គិភ័យ) គឺមិនគិតថ្លៃសេវាកម្មអ្វីទាំងអស់។

មេបញ្ជាការរង​បន្តទៀតថា ជារៀងរាល់ថ្ងៃ កងអនុសេនាធំចល័ត ​សង្គ្រោះបន្ទាន់​៧១១ ឬហៅកាត់ថា (ក្រុមសង្រ្គោះបន្ទាន់៧១១ – RRC 711) បានដាក់កម្លាំងឈរជេីង ប្រចាំការ (២៤ម៉ោងលើ២៤ម៉ោង) ចំនួន ៣គោលដៅដូចជា ៖ គោលដៅទី១ : នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ គោលដៅទី២ : នៅ DN ក្នុងបរិវេណអគ្គបញ្ជាការកងទ័ព ភ្នំពេញ​ និងលេខប្រចាំបញ្ជា​ 016700700​ ។ គោលដៅទី៣ : គឺនៅសាលាមិត្តភាពកម្ពុជាជប៉ុន ភូមិ៣ សង្កាត់លេខ១ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ បងប្អូនប្រជាពលរដ្ឋអាចទាក់ទងហៅឡានសង្រ្គោះបន្ទាន់បានតាមរយៈលេខទូរស័ព្ទ 096 925 4440 / 088 777 1115 ៕​ (​បងម៉េង​-Media)