សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាចង់បានច្បាប់ស្តីពីការគ្រប់គ្រង និងដាក់ទោសទណ្ឌទៅលើឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា

ភ្នំពេញ៖ កម្ពុជាកំពុងរៀបចំតាក់តែងច្បាប់មួយស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។ នេះជាការបញ្ជាក់ប្រាប់ពីសម្តេចប្រមុខរាជរដ្ឋាភិបាលក្នុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ៥ពាន់នាក់ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងសាលសន្និសីទកោះពេជ្រ។

ក្នុងពិធីជួបជុំអ្នកកាសែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ប្រទេសក្នុងតំបន់អឺរ៉ុប និងបណ្តាប្រទេសដែលអួតអាងជាប្រទេសបិតាប្រជាធិបតេយ្យ សុទ្ធតែកំពុងព្រួយបារម្ភអំពីឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ ហើយពួកគេក៏មានច្បាប់គ្រប់គ្រងទៅលើបញ្ហានេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថា កម្ពុជាត្រូវតែមានច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃបញ្ហាព័ត៌មាននាពេលបច្ចុប្បន្ន ហើយច្បាប់នេះត្រូវតែមានសង្គតិភាពជាមួយនឹងច្បាប់ស្តីពីរបបសារព័ត៌មានដែលតាក់តែងឡើងនៅឆ្នាំ១៩៩៥ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងក្រមព្រហ្មទណ្ឌរបស់កម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា «សូម្បីតែប្រទេសដែលគេហៅថាការគោរពសិទ្ធិបញ្ចេញមតិក៏បង្កើតនូវការព្រួយបារម្ភពីបញ្ហាទាក់ទងជាមួយនឹងឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយនេះដែរ រហូតដល់ប្រទេសខ្លះនៅអឺរ៉ុប ដែលគេចាត់ទុកថា ជាបិតាប្រជាធិបតេយ្យ ក៏មានច្បាប់រារាំង ដើម្បីដាក់ទណ្ឌកម្មទៅលើព័ត៌មានក្លែងក្លាយ និងដាក់ទណ្ឌកម្មទៅលើការរំលោភបំពានអំពីបច្ចេកវិទ្យាព័ត៌មាននេះផងដែរ។ អ៊ីចឹងខ្ញុំសូមស្នើឲ្យមានការពិភាក្សាឲ្យច្បាស់ទៅលើបញ្ហានេះ ដើម្បីយើងលើកជាក្របខណ្ឌនៃការគ្រប់គ្រង»៕