បុរសម្នាក់ស្រវឹងស្រា បើម៉ូតូបុកបង្គោលថ្មដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

សៀមរាប៖ យុវជនម្នាក់ ស្រវឹងស្រាជិះម៉ូតូបុកបង្គោលថ្មដាក់រាងតាមផ្លូវថ្នល់ បណ្ដាលឱ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវទៅភ្នំក្រោម ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ខេត្តសៀមរាប។

តាមការរៀបរាប់ពីលោកពូម្នាក់ ឈ្មោះ អិន ឌី ត្រូវជាពូជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ក្មួយរបស់គាត់ឈ្មោះ អេង គឹមហេង ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើការនៅភោជនីយដ្ឋាន ពន្លឺព្រះច័ន្ទ រស់នៅក្នុងភូមិបឹង សង្កាត់សៀមរាប ខេត្តសៀមរាប ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងស៊ីការ បម្រុងមកផ្ទះ មកដល់ពាក់កណ្ដាលផ្លួវ ស្រាប់តែបងប្រុសរបស់គេបាន តេតាមទូស័ព្ទពីកន្លែងធ្វើការប្រាប់ថា ឱ្យត្រឡប់មកកន្លែងធ្វើការ ហាងពន្លឺព្រះច័ន្ទ ភ្លាម បន្ទាប់មកជនរងគ្រោះក៏បានជិះទៅដល់ពាក់កណ្ដាលផ្លូវ ស្រវឹងផងនោះ ស្រាប់ជ្រុលទៅបុកបង្គោលថ្មតាមចិញ្ចើមថ្នល់ដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្ន សាកសពត្រូវក្រុមគ្រួសារយកមកចាត់ចែងធ្វើបុណ្យនៅវត្ត ពោធ៍ក្រោម តាមប្រពៃណី៕ប៊ុនរិទ្ធី