វត្ថុបុរាណជាង២០០ប្រភេទ ដាក់តាំងនៅសារមន្ទីរ ក្រោយជួសជុលអស់ទឹកប្រាក់ជិត៣០ម៉ឺនដុល្លារ

បាត់ដំបង៖ វត្ថុបុរាណខ្មែរប្រមាណជាង២០០ប្រភេទ ត្រូវបានដាក់តាំងបង្ហាញជាថ្មីនៅសារមន្ទីរ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្រោយធ្វើការជួសជុលអស់ទឹកប្រាក់ជិត៣០ម៉ឺនដុល្លារ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ថា ការសម្ពោធ និងរៀបចំតាំងពិព័រណ៍ឡើងវិញជាថ្មី នៅសារមន្ទីរខេត្តបាត់ដំបង នាថ្ងៃនេះ ដោយយល់ឃើញថា សំណង់អគារនេះ គឺជាសារមន្ទីរធំទី០២ បន្ទាប់ពីសារមន្ទីរជាតិភ្នំពេញ ដែលមានសមុច្ច័យដ៏វិចិត្រជាច្រើន និងធ្លាប់ដើរតួនាទីសំខាន់ក្នុងការថែរក្សាសុវត្ថិភាពវត្ថុបុរាណខ្មែរ និងជាការដាក់តាំងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនានា សម័យកាលកន្លងមក ហើយក៏ជាកន្លែងសម្រាប់ស្រាវជ្រាវ អប់រំ ផ្សព្វផ្សាយ និងស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ជាតិទាំងពេលអតីតកាល បច្ចុប្បន្ន និងអនាគត។

មួយវិញទៀត វាផ្តល់ប្រយោជន៍យ៉ាងធំធេងដល់វិស័យទេសចរណ៍នៅខេត្តបាត់ដំបងផង ក៏ដូចជា ថ្នាក់រៀនដែលផ្តល់នូវចំណេះដឹងអំពីប្រវត្តិសាស្ត្រ សិល្បៈ និងសាសនា។ ល។ ដូច្នេះ យើងជាខ្មែរត្រូវរួមចំណែកថែរក្សាឱ្យបាន ដែលជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌជាតិ ដែលមានតម្លៃមិនអាចទិញបាន ទាំងប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងជាអត្តសញ្ញាណជាតិ ដែលជាចំណងដៃទុកសម្រាប់កូនចៅជំនាន់ក្រោយឱ្យមកមើលសារមន្ទីរ ឱ្យចេះស្គាល់ថា តើសារមន្ទីរវាមានតម្លៃយ៉ាងម៉ិច វាជាកន្លែងប្រមូលផ្ដុំនូវការរៀនសូត្រ នូវការផ្សព្វផ្សាយវប្បធម៌ជាតិយើង ដែលទាំងក្រសួងថ្នាក់ជាតិក្តី ទាំងក្រសូងថ្នាក់អន្តរជាតិក្តី ឱ្យមានភាពរុងរឿងថ្កុំថ្កើងសាកសមជាប្រជាជនខ្មែរ ឱ្យសាកសមជាអ្នកបាត់ដំបង ដែលជាខេត្តមួយមានសក្ដានុពល ទាំងប្រវត្តិសាស្ត្រ ទាំងរូបបី និងអរូបី។

ជាចុងក្រោលោកជំទាវ ភឿង សកុណា ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Helen Jessup ប្រធានអង្គការមិត្តវប្បធម៌ខ្មែរ(Friend of khmer Culture)និងសហការី ព្រមទាំងសប្បុរសជននានា ដែលបានផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់គម្រោងដំណើរការជួសជុលសារមន្ទីរខេត្តបាត់ដំបង តាមរយៈអង្គការមិត្តវប្បធម៌ខ្មែរ និងសង្ឃឹមជឿជាក់ថា សារមន្ទីរនេះ នឹងក្លាយទៅជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា ដែលជួយធ្វើឱ្យខេត្តដ៏ធំមួយនេះ កាន់តែស្រស់បំព្រងឡើង។