ប្រទេសអ៊ីស្រាអែល បានបាញ់​មីស៊ីលសំដៅទីក្រុងដាម៉ាស់​ក្នុងប្រទេសស៊ីរី ត្រូវ​ប្រព័ន្ធការពារ​អាកាសស៊ីរីបាញ់​កម្ទេចចោល!

ដាម៉ាស់៖ យោងតាម​ការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ ប្រទេសអ៊ីស្រាអែល​ នៅតែបន្តការវាយប្រហារតាមដែនអាកាស មកលើ​ប្រទេស​ស៊ីរីដដែល ជាពិសេស​ គឺតំបន់​ជុំវិញ​រដ្ឋធានីដាម៉ាស់ ប៉ុន្តែប្រព័ន្ធការពារមីស៊ីលរបស់ស៊ីរី​ ដែលទទួលបាន​ពីប្រទេសរុស្ស៊ីនោះ អាច​ទប់​ស្កាត់​ការ​វាយ​ប្រហារ​នេះ ​បានជាបន្តបន្ទាប់។

ជុំវិញការវាយប្រហារ​ខាងលើនេះ ​ត្រូវបានធ្វើឡើងដោយ​​កងយន្តហោះចម្បាំង​របស់អ៊ីស្រាអែល ដែលបានបាញ់​មីស៊ីលសំដៅ​មក​បរិវេណ​ នៃទីក្រុងដាម៉ាស់​ក្នុងប្រទេសស៊ីរី ប៉ុន្តែ​បើតាម​ការអះអាងរបស់​យោធាស៊ីរី គ្រាប់មីស៊ីលអ៊ីស្រាអែល​ភាគច្រើន ត្រូវ​ប្រព័ន្ធការពារ​អាកាសស៊ីរីបាញ់​កម្ទេចចោលបាន​ទាន់ពេល។ ដោយឡែក​ឃ្លាំងស្តុក​ទំនិញមួយកន្លែង នៅព្រលាន​យន្ត​ហោះ​ទីក្រុងដាម៉ាស់ ក៏បានរង​ការខូចខាតផងដែរ ប៉ុន្តែពុំមាន​ការរាំងស្ទះដល់ការធ្វើប្រតិបត្តិការនៃជើងហោះហើរ​នានា របស់​អាកាសយានដ្ឋាន​អន្តរជាតិមួយនេះ​ឡើយ។

គួររំលឹកថា ប្រព័ន្ធមីស៊ីល S-300 ត្រូវបានប្រទេស​រុស្ស៊ីបំពាក់​ឱ្យ​យោធាស៊ីរី​កាលពីខែកញ្ញា ឆ្នាំ២០១៨ ដើម្បីការពារ​​​​សន្តិ​សុខដែនអាកាស​របស់ស៊ីរី ជាពិសេសពី​ការវាយប្រហារ​ជាដដែលៗ​របស់​អ៊ីស្រាអែល ដែលទីក្រុង​ដាម៉ាស់ បាន​អះអាងថា​ ធ្វើឡើងក្រោម​គោលដៅអូសបន្លាយ​សង្រ្គាម នៅក្នុងប្រទេសស៊ីរីឱ្យកាន់តែយូរ​ថែមទៀត៕