មេប៉ុស្តិ៍នេះខ្លាំងមែន! ខឹងបើកល្បែងស៊ីសងមិនបាន ទាញកាំភ្លើងAK បាញ់គំរាមលោកមេឃុំជាច្រើនគ្រាប់ ត្រូវបានបែកធ្លាយ… 

បាត់ដំបង៖ ថ្មីៗនេះ កំពុងតែបែកធ្លាយរឿងលោកមេឃុំជ្រោយស្ដៅ ចោទប្រកាន់លោកមេប៉ុស្តិ៍ជ្រោយស្ដៅថា ស្នើសុំលោកមេឃុំបើកល្បែងស៉ីសងមិនបាន ទាញកំាភ្លើងAK បាញ់ជាច្រើនគ្រាប់ ដើម្បីគំរាមលោក។ តែសំណុំរឿងនេះត្រូវបានគេផ្អឹមទុកអស់ជាងមួយខែហើយ ដែលបានកើតឡើងតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ តែត្រូវគេព្យាយាមបិទមិនឲ្យបែកធ្លាយដល់អ្នកសារព័ត៌មានឡើយ តែពេលនេះត្រូវបានលោកមេឃុំទម្លាយគ្មានសល់។

ប្រភពរាយការណ៍បានឲ្យដឹងថា លោក ហែម សុផុន នាយប៉ុស្ដិ៍ជ្រោយស្ដៅ ដោយគេសង្ស័យថាបានស្រវឹងជោកជាំ បានទាញកាំភ្លើងបាញ់លើមេឃជាច្រើនគ្រាប់ ដោយសារតែខឹងលោកមេឃុំ «មិនអនុញាតឲ្យបើកល្បែងស៊ីសង» ។

លោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្ដៅ ក៏បានបញ្ជាក់ផងដែរថា ករណីនេះពិតជាបានកើតឡើងចំពោះរូបលោកពិតប្រកដមែន។ គឺលោកមេឃុំប្រាប់ថា លោក ហែម សុផុន នាយប៉ុស្ដិ៍ជ្រោយស្ដៅ បានប្រើប្រាស់កាំភ្លើងបាញ់ជាច្រើនគ្រាប់នៅនឹងផ្ទះរបស់ខ្លួន (ផ្ទះនាយប៉ុស្ដិ៍) លុះក្រោយពេលបាញ់រួច នាយប៉ុស្ដិ៍រូបនេះបានកាន់កាំភ្លើងមកបង្ករឿង និងគំរាមកំហែងរូបលោកដល់ផ្ទះទៀត ទាំងខ្លួនស្រវឹងស្រាជោកជាំ ។

លោកបានបញ្ជាក់បន្ថែមថា កន្លងមកនាយប៉ុស្ដិ៍រូបនេះតែងស្នើសុំបើកល្បែងស៊ីសងនៅក្នុងមូលដ្ឋាន តែលោកមិនអនុញ្ញាត ទើបធ្វើឲ្យលោកនាយប៉ុស្ដិ៍ឈានដល់ការប្រើប្រាស់អាវុធបាញ់មេឃគំរាមកំហែងលោកបែបនេះ ។ លោកបានដាក់ពាក្យបណ្ដឹងទៅគណៈបញ្ជាការឯកភាពស្រុក និងខេត្តរួចហើយ ដើម្បីឲ្យជួយអន្តរាគមន៍និងដោះស្រាយ។

ប្រភពពីមន្ត្រីនៅស្នងការដ្ឋាននគរបាលខេត្តបានបង្ហើបឲ្យដឹងថា សមត្ថកិច្ចនិងមន្ត្រីរាជការនៅក្នុងមូលដ្ឋានសុទ្ធតែបានដឹងករណីបាញ់បោះនេះ តែមិនត្រូវបានគេទម្លាយឲ្យដឹងឡើយ ។ មន្ត្រីដដែលបញ្ជាក់ថា ចាប់តាំងពីមន្ត្រីប៉ុស្ដិ៍ មន្ត្រីអធិការដ្ឋានស្រុក រហូតដល់មន្ត្រីនៅស្នងការដ្ឋានខេត្តមួយចំនួន សុទ្ធតែដឹងរឿងនេះតែគេនាំគ្នាបិទបាំង ព្រោះការផ្ទុះអាវុធរបស់លោកនាយប៉ុស្ដិ៍ជ្រោយស្ដៅនេះ មិនមែនទើបតែលើកទី១ទេ គឺញឹកញាប់ពេកហើយ ជាពិសេសពេលមន្ត្រីរូបនេះស្រវឹងស្រាម្ដងៗ ។

ជុំវិញបណ្ដឹងរបស់លោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្ដៅ បើតាមលោកមេឃុំរូបនេះ បានបញ្ជាក់អំពីជំហររបស់លោកថា លោកទាមទារឲ្យថ្នាក់ដឹកនាំត្រូវតែធ្វើការផ្លាស់ប្ដូរលោក ហែមសុផុន ចេញពីប៉ុស្ដិ៍ជ្រោយស្ដៅ ព្រោះលោកមិនអាចធ្វើការងារជាមួយមន្ត្រីរូបនេះបន្តទៀតបានទេ ។ លោកមេឃុំក៏បានទម្លាយដែរថា បច្ចុប្បន្ននេះល្បែងស៊ីសងបានកើតឡើងពេញមូលដ្ឋាន តែសមត្ថកិច្ចមិនបានអើពើទប់ស្កាត់ឬបង្ក្រាបទេ បើទោះជាលោកបានទទូចស្នើឲ្យមានការទប់ស្កាត់ឬបង្ក្រាបខ្លះក្ដី ។

សូមរំឭកថា កន្លងមកលោកស្នងការខេត្ត តែងដាក់បទបញ្ជាជាបន្តបន្ទាប់ឲ្យសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវមានវិធានការទប់ស្កាត់ឬបង្ក្រាបរាល់ល្បែងស៊ីសងនានា ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាមាននាយប៉ុស្ដិ៍សុំបើកល្បែងស៊ីសង ដែលនេះជាទង្វើមិនសមរម្យទេ ។