ទៀតហើយ! ក្មេងសិស្សសាលាជិត២០០នាក់ នៃសាលាបឋមសិក្សាប៉ោយសំរោង មានអាការៈទន់ដៃទន់ជើង ខ្លះក្អួតចង្អោរ និងឈឺពោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់

បន្ទាយមានជ័យ៖ កាលពីយប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ករណីក្មេងសិស្សសាលាជិត២០០នាក់ នៃសាលាបឋមសិក្សាប៉ោយសំរោង ស្ថិតក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានពុលទន់ខ្លួន និងក្អួតចង្អោរ និងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ ត្រូវបានប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភក្ត្រា សន្និដ្ឋានជាជំហ៊ានដំបូងថា បណ្តាលមកពីជ្រក់ដែលវិចខ្ចប់នឹងបាយ។

បើយោងតាមលោក វ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយសំរោង បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានជនជាតិកូរ៉េមួយក្រុម កាន់សាសនាគ្រិស្ត បានចូលមកក្នុងសាលាដើម្បីសុំផ្សព្វផ្សាយសាសនា នៅក្នុងនោះដែរ ក៏មានការលេងល្បែងកម្សាន្តជាច្រើន សម្រាប់ពួកក្មេងៗ ហើយមានការចែកស្ករគ្រាប់ បាយកញ្ចប់ ទឹកសុទ្ធ និងអាវយឺតផងដែរ។

ក្រោយពីបញ្ចប់ការលេងល្បែងកម្សាន្ត ក៏នាំគ្នាពិសាអាហាររួមគ្នាទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងក្រុមជនជាតិកូរ៉េ ហើយក្រោយមកក៏មានក្មេងៗមួយចំនួនមានអាការៈទន់ដៃទន់ជើង ខ្លះក្អួតចង្អោរ និងឈឺពោះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជាបន្តបន្ទាប់តែម្តង។

លោក ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា គិតមកទល់ម៉ោង២០ និង១២នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្មេងៗដែលទទួលការជួយសង្គ្រោះ គឺមានចំនួន១៤២នាក់ ក្នុងនោះប្រុស៦៣នាក់។

ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ មានក្មេងៗចំនួន៩០នាក់ បានធូរស្រាល និងអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញ ដោយឡែកក្មេងៗ ៥២នាក់ទៀត នៅបន្តព្យាបាលនៅឡើយ។

ជាមួយគ្នានេះលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់បណ្តាប្រជាពលរដ្ឋ ដែលនិយមធ្វើពិធីជប់លៀងផ្សេងៗ ធ្វើយ៉ាងណាត្រូវគិតពីកត្តាអនាម័យឲ្យបានខ្ពស់ ព្រោះវាអាចធ្វើឲ្យយើងមានបញ្ហាពុលអាហារដូចករណីខាងលើ៕