ស្ថានីយ៍ប្រេងឥន្ធនៈ៣កន្លែង រកស៊ីចង់ចំណេញខ្លាំង កេងប្រវ័ញ្ចប្រេងច្រើនពេក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ…

ប៉ៃលិន⁣៖ ដោយប្រកបរបរអាជីវកម្មល្មើសច្បាប់ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនអាជីវករ ជាម្ចាសស្ថានីយ៍ប្រេងឥន្ធនៈ៣នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងរកស៉ីកេងប្រវ័ញ្ចបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់។ លោក​ មាន​ ចំណាប់ បានឲ្យដឹងថា រយៈពេលពេញ១ថ្ងៃ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន១០កន្លែង ក្នុងខេត្តប៉ៃលិន រកឃើញថា ៧កន្លែងមានភាពមិនត្រឹមត្រូវបន្តិចបន្តួច ដោយសារបញ្ហាទៅលើបច្ចេកទេសម៉ាស៉ីនបាញ់ប្រេង។

ក្នុងនោះមានដេប៉ូ៣កន្លែង ខុសច្រើនជាងគេគឺ៖ ទី១- ដេប៉ូសូគីមិចបូរី ប៉ៃលិន, ទី២- ស្ថានីយប្រេងឥន្ធនៈ តូតាល់ និងទី៣- ដេប៉ូជាងសៀន។ ស្ថានីយ៍ និងដេប៉ូទាំង៣ មានភាពមិនប្រក្រតី ក្នុងការកេងបន្លំបរិមាណ និងគុណភាព បរិមាណចំណុះលីត្រមិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី១លីត្ររហូតដល់៤លីត្រ ត្រូវបាន កសាងឯកសារទៅតាមនីតិវិធី​ និងបញ្ចូនទៅតុលាការ។

ស្ថានីយ៍ទាំង៣នេះ មន្ត្រីជំនាញបានបញ្ជាក់ថា រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំដូងខេត្តជាកំហិត ព្រោះកន្លងមកមន្ត្រីជំនាញ បានចុះពិនិត្យម្តងទៅពីរដងហើយ ដោយមិនរាងមន្ត្រីជំនាញមិនទុកឡើយ។ ចំពោះទីតាំង​មួយចំនួនទៀត ធ្វើកិច្ចសន្យានិងអប់រំបន្ថែម ប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាក់ការតាមផ្លូវច្បាប់ ​ដូចជាទីតាំងចំនួន៣ខាងលើនេះ ជាកំហិតផងដែរ។

ការចុះត្រួតពិនិត្យថ្ងៃទី១១​-១២​ ខែមករា​ ឆ្នាំ២០១៩ ដឹកនាំដោយលោក ឈឹម វាសនា ប្រធានកាំកុងត្រូលខេត្ត​ សហការ​ជាមួយ​លោក មាន​ ចំណាប់​ អនុប្រធាន​នាយកដ្ឋានកាំកុងត្រូល​ កិច្ចការងារអ្នកប្រើប្រាស់​ និងការបង្ក្រាបការ​ក្លែងបន្លំ​ និងសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើល​កន្លែងស្ថានីយប្រេងឥន្ធនៈមួយចំនួន។

លោក ឈឹម វាសនា បានឲ្យដឹងថា «មន្ត្រីជំនាញយើង បានសហការគ្នា ក្រុមបេសកម្មពិសេស របស់រថយន្តប្រេងឥន្ធនៈ​​​ដឹកនាំដោយលោក មាន ចំណាប់ ចុះផ្ទាល់នៅទីនេះ និងដឹកនាំបញ្ជាពី អគ្គនាយកាំកុងត្រូល​ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យ​ និងស្រាវជ្រាវឃើញមានស្ថានីយ៍ប្រេងឥន្ធនៈមិនអនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់»

លោកប្រធានបន្តថា ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ដោយជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង១០កន្លែង គឺមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ៣កន្លែង ដែលមានអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលម្តងហើយម្តងទៀត។ ​ដូច្នេះមន្ត្រីជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការផងដែរ។

លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។ ចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញ មានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីជាធរមានផងដែរ។