មនុស្សជាច្រើននាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះហ្គាសនៅកណ្ដាលទីក្រុងប៉ារីស

​បារាំង៖ តាម​ការចេញ​ផ្សាយដោយរបស់សារព័ត៌មាន BBC នៅថ្ងៃសៅរ៍នេះ មានហេតុការណ៍​ផ្ទុះហ្គាសយ៉ាង​កក្រើក​មួយ នៅតំបន់​ពាណិជ្ជកម្មកណ្តាល​ទីក្រុងប៉ារីស នៃប្រទេស​បារាំង ដែលបណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់ ​ ប៉ុន្ដែមិនទាន់មានការបញ្ជាក់នៃមនុស្សស្លាប់នៅឡើយទេ ដែលហេតុការណ៍នេះបានកើតឡើងនាថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

បើតាមរូបភាព​​ជាក់ស្តែង​នោះ គឺក្រុម​សង្គ្រោះ និងពន្លត់អគ្គីភ័យ​​​កំពុងតែសស្រាក់​សស្រាំ​ក្នុងការជួយ​សង្គ្រោះមនុស្ស និងពន្លត់ភ្លើងឆេះ ខណៈទ្រព្យសម្បត្តិសាធារណៈជាច្រើន​ដូចជាអគារ រថយន្ត និង​អ្វីៗជាច្រើនទៀត​បានរងការខូចខាតយ៉ាងដំណំ ដោយសារ​តែករណីផ្ទុះហ្គាសយ៉ាងកក្រើកនេះ។

បើតាមមន្ត្រី​ប៉ូលិសបារាំង ការផ្ទុះនេះ​​ទំនងជាបានកើតចេញ​ពីហាងលក់​នំប៉័ង​មួយកន្លែង នៅតំបន់ Rue de Trévise នា​វេលា​ម៉ោង ៩៖០០នាទីព្រឹក (ម៉ោង​នៅប៉ារីស)។ ប៉ូលិស​បានអំពាវនាវ​ឲ្យប្រជាជនស្ថិត​នៅឲ្យឆ្ងាយពីតំបន់នេះ​សិន ខណៈសកម្មភាព​សង្គ្រោះ និង​គ្រប់គ្រង​ស្ថានការណ៍ជា​រួមកំពុងបន្ត។ ការផ្ទុះនេះ​ត្រូវបានគេ​អះអាងថា ពុំមាន​ជាប់​ពាក់​ព័ន្ធ​នឹងគំរោងធ្វើ​មហាបាតុកម្ម នៃក្រុមអាវ​កាក់ពណ៌លឿង​នោះឡើយ៕