ចិន៖ យន្តហោះដ្រូន Sky Hawk ប្រភេទថ្មី ត្រូវបញ្ចេញ​ជាលើកដំបូងឱ្យ​អន្តរជាតិបាន​ឃើញ ចំពោះភាពតានតឹងផ្នែកទាំងសន្តិសុខ និង​សង្គ្រាម​ពាណិជ្ជកម្ម

ប៉េកាំង៖ ពេលនេះ​ ប្រទេសចិនហាក់​មិនបាន​​បង្ហាញ​ការខ្វាយខ្វល់​អ្វីច្រើនឡើយ ខណៈដែលស្ថានការណ៍​សន្តិសុខជាមួយ​កោះតៃវ៉ាន់ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នៅតែមានភាពតាន​តឹងនោះ ដោយសារប្រទេសចិនមានសមិទ្ធផល​ថ្មីៗ​ពីគ្រប់វិស័យ និង​គួរឲ្យភ្ញាក់ផ្អើល​​នោះគឺ ពេលថ្មីៗ​នេះ ​យន្តហោះដ្រូន Sky Hawk ប្រភេទថ្មី ​ត្រូវបាន​បញ្ចេញ​ជា​លើកដំបូងឲ្យ​អន្តរជាតិបាន​ឃើញ។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

Sky Hawk គឺជាប្រភេទ​យន្តហោះដ្រូន ដែលត្រូវបាន​អភិវឌ្ឍន៍ និងដាក់ឈ្មោះ​ឲ្យចុង​ក្រោយគេ​ដោយក្រុមហ៊ុន​ឧស្សាហកម្ម​​ផលិតសព្វាវុធអវកាស និង​វិទ្យាសាស្ត្ររដ្ឋចិន ហៅកាត់ថា CASIC។ យន្តហោះដ្រូន​ប្រភេទនេះ មានសមត្ថភាព​ក្នុងការបំពេញប្រតិបត្តិការ​អង្កេតផង និងប្រយុទ្ធផង ហើយវា​មានរូបរាងស្រដៀង​ទៅនឹងយន្តហោះ​ដ្រូន CH-7 របស់ចិន​​ពីមុនដែរ ដែលមានសុទ្ធសឹង​ជាប្រភេទ​គ្រឿងយន្ត​ធ្វើសង្គ្រាម។

ក្រុមហ៊ុន​រដ្ឋចិន បានបញ្ជាក់ថា យន្តហោះ​ដ្រូន Sky Hawk គឺ​មានទំហំ​តូចជាង CH-7 និង​មានបំពាក់​បច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត ហើយវាជាប្រភេទ​យន្តហោះ ដែលអាច​ធ្វើការ​បញ្ជា​ចេញពី​យន្តហោះចម្បាំង ឬយន្តហោះ​យោធា​​ដែលមានមនុស្សជិះ។

បើយោងតាមការចេញផ្សាយ​វីដេអូរបស់ទូរទស្សន៍​រដ្ឋចិន CCTV កាលពី​ថ្ងៃទី០៥ ខែមករា កន្លង​ទៅថ្មីៗនេះ អំពីការហោះហើរ​បង្ហាញរាង របស់​យន្តហោះដ្រូន Sky Hawk ខាងលើ​នេះផងដែរ៕