ជនសង្ស័យដែលស្គាល់គ្នាជាមួយនារីរងគ្រោះតាម រយៈហ្វេសប៊ុក រួចណាត់ជួបប្លន់យកគ្រឿងអលង្ការនៅផ្ទះសំណាក់នោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលមានទំនាក់ទំនងជាមួយនារីជាជនរងគ្រោះលក់ឥវ៉ាន់តាមអនឡាញ រួចណាត់ជួបនៅផ្ទះសំណាក់ ប្លន់យកគ្រឿងអលង្ការអស់ជាង៣ពាន់$ និងគំរាមសម្លាប់នោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះបានហើយ។

តាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈFacebook ឲ្យមកជួបនៅផ្ទះសំណាក់ និងភ្ជង់ប្លន់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់ និងលក់បន្ត។ 

គួររម្លឹងផងដែរថា កាលពីដើមឆ្នាំថ្មី២០១៩ វេលាម៉ោង៧ល្ងាច ថ្ងៃទី១ ខែមករា មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ស្អាត លក់ទំនិញ onlinម្នាក់ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួប រូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង៣ពាន់ដុល្លារ ធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក។

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕