រថយន្ត LEXUS RX400h ស្លាកលេខនគរបាលបុក កង់បី PassApp ក្រឡាប់ផ្ងារជើង​សង្កត់អ្នកដំណេីរ២នាក់

ភ្នំពេញ​៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងរវាងរថយន្ត LEXUS RX400h មួយគ្រឿង ពាក់ស្លាកលេខ នគរបាល ទៅបុកជាមួយរ៉ឺម៉កកង់បី PassApp បណ្តាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង សង្កត់អ្នកដំណេីរ ០២នាក់ បណ្តាលឲ្យមានមនុស្សរងរបួសស្រាលផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង០១ៈ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ តាមចំណុចផ្លូវបំបែកជាបួន មុខភោជនីយដ្ឋានបុប្ផាគិរីរម្យ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេបានឃើញរ៉ឺម៉កកង់បី PassApp មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 1L-9041 បើកបរដោយយុវជនម្នាក់ ដឹកភ្ញៀវ ០២នាក់ ធ្វេីដំណើរតាមបណ្ដោយផ្លូវ១១៣ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ផ្លូវបំបែកជាបួនជាចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តមួយគ្រឿង​ LEXUS RX400h ពណ៌ស ពាក់ស្លាកលេខន គរបាល 2-7270 បានធ្វើដំណើរតាមបណ្ដោយផ្លូវ​២៧៨ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន បានទៅបុកចំផ្នែកចំហៀងខាងក្រោយ​ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សង្កត់អ្នករួមដំណើរទាំងពីរនាក់នោះ បណ្ដាលឲ្យរងរបួសស្រាលផងដែរ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននាំគ្នារត់ចូលមកជួយលេីកកង់បី ផ្ងារឡើងវិញ ចំណែករថយន្តបានបន្តដំណើរទៅមុខ ប្រហែលជា៤០ម៉ែត្រទៀត ត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ឃាត់ ឲ្យឈប់ដោះស្រាយគ្នា និងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។

ពេលកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ រួចអោយភាគីទាំងសងខាង ធ្វើការដោះស្រាយ​គ្នា ភាគីម្ចាស់រថយន្តព្រមសងសំណងទៅឱ្យម្ចាស់រ៉ឺម៉កកង់បី​ ចំនួន១៣០ដុល្លារ​ និងអ្នករបួស២នាក់ ៤០ដុលា្លរ​ ដេីម្បីបញ្ចប់រឿង​ នៅចំពោះមុខសមត្ថកិច្ច និងអ្នកសារព័ត៌មាន​តែម្ដង៕ (អត្ថបទរូបភាព​ ម៉េង​)