ស្ងាត់ៗ​! មន្ត្រីសូយោដីម្នាក់មកពីសុីកាវិញ ជិះម៉ូតូវង្វេងផ្លូវ មកដល់នៅមហាវិថីឈ្នះឈ្នះ បែរជាជួបជនសង្ស័យ៣នាក់ ស្ទាក់ដកដាវគំរាមប្លន់យកម៉ូតូនិងទូរស័ព្ទទៅបាត់!

ភ្នំពេញ៖ មន្ត្រីសូរិយោដីខេត្តរតនៈគីរីម្នាក់ ខណៈជិះម៉ូតូ ICON មួយគ្រឿង តែម្នាក់ឯង ចេញពីស៊ីការគេ នៅផ្សារអ៊ីអន២ ត្រឡប់ទៅផ្ទះ តែមកដល់ពាក់កណ្ដាលផ្លូវ​ ទេីបដឹងថាវង្វេងផ្លូវ ហេីយឈប់ម៉ូតូអែបខាង ដកទូរស័ព្ទមើល Map ដេីម្បីរកមើលផ្លូវ ខណៈផ្លូវស្ងាត់ជ្រាប ស្រាប់តែជនសង្ស័យ ០៣នាក់ ជិះម៉ូតូ Smash មួយគ្រឿងឌុបគ្នា មកស្ទាក់ពីមុខ រួចដកដាវគំរាមកាប់ ប្លន់យកម៉ូតូ និងទូរស័ព្ទដៃមួយគ្រឿង ហេីយជិះគេចខ្លួនបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចនោះឡើយ។

ហេតុការណ៍ប្លន់នេះបង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង០៩ៈ២០នាទីយប់ ថ្ងៃសៅរ៍​ ទី១២ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមាត់បឹងតាមោក ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ ឯក តារា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្រ្តីសូរិយោលដី​ខេត្តរតនៈគីរី ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ ចំណែកឯម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាក Honda Icon ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 1AZ-0492 និងទូរស័ព្ទ SAMSUNG មួយគ្រឿងទៀត។  ចំណែកឯជនសង្ស័យមានគ្នា ០៣នាក់ ជិះម៉ូតូម៉ាក Suzuki Smash ពណ៍ខ្មៅ​ (មិនចាំស្លាកលេខ) ប្រដាប់ដោយដាវមួយដើម។

តាមប្រភពព័ត៌មានបានឲ្យ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានមកចូលរួមមង្គលការកូនមិត្តរបស់ឪពុកជនរងគ្រោះនៅផ្សារអ៊ីអន២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីផឹកស៊ីរួចហើយ បានជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រឡប់មកផ្ទះវិញនៅខណ្ឌពោធិ៍សែនជ័យ។

ប្រភពបន្តថា ខណៈជិះម៉ូតូមកដល់ហាន់ណូយបានបត់ឆ្វេងជិះរហូតដល់ផ្លូវមហាវិថីឈ្នញឈ្នះបានបត់ឆ្វេងបន្តិចទើបដឹងថាខ្លួនជិះវង្វេងផ្លូវហើយ ក៏ឈប់ម៉ូតូអែបខាង ដកទូរស័ព្ទមើល Map ដេីម្បីរកមើលផ្លូវ ត្រឡប់ទៅផ្ទះវិញ ខណៈពេលកំពុងចុចមើលទូរស័ព្ទរកផ្លូវ ស្រាប់តែលេចមុខ​ក្រុមជនសង្ស័យ ០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Smash ពណ៍ខ្មៅ​ (មិនចាំស្លាកលេខ) មកឈប់ស្ទាក់ពីមុខម៉ូតូគាត់​ ហើយជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយ បានលោតចុះពីលើម៉ូតូ រួចធ្វេីសកម្មភាពដកដាវ គំរាមកាប់ ប្លន់យកម៉ូតូរបស់គាត់រួមទាំងទូរស័ព្ទដែលកាន់ជាប់ដៃនោះយកទៅ រួចនាំជិះគ្នាឡេីងជិះម៉ូតូគេចខ្លួនចេញទៅបាត់ ដោយសុវត្តិភាព ព្រោះផ្លូវស្ងាត់ជ្រាប​ តែឃេីញសមត្ថកិច្ចល្បាតដែរ តែល្បាតផ្លូវផ្សេង​ ខណៈជនសង្ស័យ​មកធ្វេីសកម្មភាពផ្លូវផ្សេង ទេីបមិនរំខានដល់សមត្ថកិច្ចនោះឡើយ។

ក្រោយកើតហេតុផ្លូវស្ងាត់ជ្រាប មិនដឹងស្រែករកអ្នកណាឱ្យជួយ ជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីឲ្យជួយស្រាវជ្រាវតាមចាប់ខ្លួន យកមកចាត់ការទៅតាមផ្លូវច្បាប់៕​ (ម៉េង-Media)