ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ បេក្ខជនដាក់ពាក្យប្រលងនាយទាហានមានការកើនជាង៨ពាន់នាក់

ភ្នំពេញ៖ ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩ នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលមានចំនួន ៦មណ្ឌល គឺនៅមណ្ឌលរាជធានីភ្នំពេញ យោធភូមិភាគ ទី១ ទី២ ទី៣ ទី៤ និងទី៥ ដោយផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។

ការប្រលងនៅមណ្ឌលរាជធានីភ្នំពេញ គឺប្រព្រឹត្តទៅនៅវិទ្យាល័យបាក់ទូក នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ បានបញ្ជាក់ថា សូមគុណបេក្ខជនដែលបានសម្រេចចិត្តចាប់យកអាជីពជានាយទាហាននៅក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមនៅក្នុងការការពារជាតិរបស់យើង។ ហើយឆ្នាំនេះ ក៏ជាមោទនាភាពរបស់កងយោធពលខេមរភូមិន្ទ ដែលមានយុវជន យុវតី ដែលបានចាប់អារម្មណ៍ និងស្ម័គ្រចិត្តដាក់ពាក្យប្រលងមានការកើនឡើង បើប្រៀបធៀបពីឆ្នាំ២០១៧ មានចំនួនបេក្ខជនដាក់ពាក្យប្រលងតែជាង ៤០០០នាក់ នៅឆ្នាំ២០១៨ កើនដល់៧០០០នាក់ ហើយនៅឆ្នាំ២០១៩ នេះ កើនដល់ជាង ៨០០០នាក់។

លោកបន្តថា ភារកិច្ចរបស់អនុគណៈកម្មាការប្រលង ក៏ដូចជាគណៈកម្មការជ្រើសរើស ធ្វើម៉េចអោយការជ្រើសរើសនាយទាហានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវមានតម្លាភាព និងយុត្តិធម៌ ដោយអ្នកជាប់ ជាប់ដោយសមត្ថភាព និងមោទនភាព និងអ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត។ ហើយអ្វីដែលយើងចង់បាន គឺធ្វើអោយបានត្រឹមត្រូវ យុត្តិធម៌ អោយប្អូនៗទាំងអស់បានបង្ហាញនូវសមត្ថភាពរបស់ខ្លួន។ សូមកុំធ្វើសកម្មភាពណាដែលលប៉ះពាល់ទៅដល់ការប្រលងប្រកួតប្រជែង ធ្វើដោយសមត្ថភាពផ្ទាល់ខ្លួនអត់មានពឹងកម្លាំងខាងក្រៅទេ៕