BREAKING NEWS៖ យន្តហោះ Boeing 707 ដែលធ្លាក់នៅទីក្រុងតេហេរ៉ង់ ដោយផ្ទុកមនុស្ស១០នាក់ និងទំនិញជាច្រើន មិនទាន់ដឹងជោគវាសនាអ្នកទាំងនោះនៅឡើយទេ

តេហេរ៉ង់៖ នៅថ្ងៃចន្ទនេះ អាជ្ញាធរអ៊ីរ៉ង់​បានឱ្យដឹងថា យន្ដហោះដឹកជញ្ជូនមួយ​គ្រឿង​ប្រភេទ Boeing 707 ដែល​បានធ្លាក់នៅក្បែរ​អាកាសយានដ្ឋាន ខារ៉ាច (Karaj) ស្ថិតនៅភាគខាងលិច​ទីក្រុងតេហេរ៉ង់នោះ មានផ្ទុកមនុស្សសរុប ១០នាក់។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច​ នៅ​រសៀល​ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដោយ​សារព័ត៌មាន Russian Today ។

ស្របគ្នា​នោះដែរ បើតាម​ការចេញផ្សាយរបស់​សារព័ត៌មាន Fars News យន្ដហោះBoeing 707នេះ បានធ្វើដំណើរចាក​ចេញពី​ទីក្រុង ប៊ីសខិក (Bishkek) នៃប្រទេស កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដោយផ្ទុកមនុស្ស ១០នាក់ និងទំនិញជាច្រើន។ ប៉ុន្តែ​យន្ដហោះដឹកជញ្ជូនប្រភេទ Boeing 707 នេះស្រាប់តែធ្លាក់​នៅពេលហោះហើរ​ជិតដល់ អាកាសយានដ្ឋាន Karaj ហើយបានជ្រុល​ទៅបុកជញ្ជាំងព្រលាន​យន្ដហោះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ​មិនទាន់មានសេចក្ដី​រាយការណ៍ពី​មូលហេតុធ្លាក់ និងជោគវាសនា​របស់មនុស្សទាំង ១០នាក់​ដែលជិះនៅលើយន្ដហោះ​នេះនៅឡើយទេ ខណៈតាម​ការចេញផ្សាយរបស់​សារព័ត៌មាន Fars News បានបង្ហោះរូបភាពយន្ដហោះនៃអាកាសចរណ៍កៀហ្ស៊ី (Kyrgyz airline) ខាងលើនេះផ្ទុះឆេះ នៅក្បែរ​អាកាសយានដ្ឋានទីក្រុងតេហេរ៉ង់៕