អាជ្ញាធរខេត្តព្រះសីហនុចាប់ ផ្តើមប្រើធរក្តៅលើអ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ ត្រង់ចំណុចផ្សារឃ្លាំងលើ

ព្រះសីហនុ៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ ត្រង់ចំណុចផ្សារឃ្លាំងលើ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ សហការណ៍ជាមួយកម្លាំងមូលដ្ឋាន បានចុះរុះរើតូបលក់ដូររបស់ប្រជាពលរដ្ឋ ដែលលក់លើចឹញ្ចើមផ្លូវបង្កការកកស្ទះចរាចរណ៍ជាញឹកញ៉ាប់។

ថ្លែងក្នុងឪកាសនោះ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានអះអាងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត និងក្រោមបទបញ្ជារបស់លោក អ៊ី សុខឡេង កម្លាំងចម្រុះរបស់លោក តែងតែបានចុះធ្វើការណែនាំជាច្រើនលើកច្រើនសារ ដល់ពួកគាត់ ដែលតែងតែយកចំណីផ្លូវ ចឹញ្ចើមថ្នល់ ធ្វើជាទីតាំងលក់ គ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ផ្លូវសាធារណៈ និងបង្កគ្រោះថ្នាក់ជាញឹកញ៉ាប់ ដោយពុំព្រមអនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញនោះទេ ទើបថ្ងៃនេះកម្លាំងចម្រុះរបស់ខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ អភិបាលរងក្រុងព្រះសីហនុ បានចុះរុះរើតូបទាំងនោះ ដើម្បីយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ។

លោក សន កុសល បន្តថា ចាប់ពីថ្ងៃនេះ តទៅកម្លាំងជំនាញរបស់លោក នឹងចុះល្បាតគ្រប់ពេលវេលា មិនបណ្តោយរថយន្តធន់ធំទាំងនោះ ធ្វើអ្វីប្រាស់ចាកអំពីច្បាប់តទៅទៀតបាននោះទេ បើទោះបីជាមានការតវ៉ា និងអន្តរាគមន៍យ៉ាងណាក៏ដោយ។ ហេតុដូចនេះ រូបលោកសូមអំពាវនាវ យ៉ាងទទូចដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពច្បាប់ទាំងអស់គ្នា សូមមេត្តាលប់បំបាត់វប្បធម​៌អន្តរាគមន៍ អាងអ្នកនេះ អាងអ្នកនោះ ព្រោះអ្វីៗក្នុងសង្គមរីកចម្រើនទៅបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ៕ដោយ វ៉ើន កញ្ញា