សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាមិនចង់ធ្វើសត្រូវជាមួយបរទេសនោះទេ តែសូមកុំយកប្រជាជនកម្ពុជា១៦លាននាក់ ទៅបម្រើឱ្យគោលដៅនយោបាយរបស់ខ្លួន

 ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនចង់ធ្វើសត្រូវជាមួយប្រទេសណាមួយនោះទេ គឺចង់ធ្វើមិត្តភក្តិជាមួយប្រទេសទាំងអស់នៅលើពិភពលោក តែក៏មិនត្រូវយកប្រជាពលរដ្ឋកម្ពុជា ១៦លាននាក់ ទៅធ្វើជាចំណាប់ខ្មាំងដែរ។

បុរសខ្លាំងកម្ពុជា លើកឡើងបែបនេះ ក្នុងឱកាសសម្តេច និង ឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគ្រោងថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក នាថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យបញ្ឈប់នូវការលងល្បែងដកអនុគ្រោះពន្ធពីកម្ពុជា ព្រោះនៅលើពិភពលោកនេះ គឺគេធុញទ្រាន់ខ្លាំងណាស់ទៅហើយ , សម្រាប់សម្តេច គឺជាមេដឹកនាំមួយរូបដែលបានឆ្លងកាត់ការដឹកនាំប្រទេសកម្ពុជា ស្របពេលដែលបរទេសហ៊ុមព័ទ្ធទាំងនយោបាយ ហ៊ុមព័ទ្ធទាំងសេដ្ឋកិច្ច រហូតចម្លងប្រជាជនកម្ពុជា ដែលមានចំនួនជាង៥លាននាក់ ឡើងរហូតមកដល់១៦លាននាក់ ក្នុងពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពិតហើយថា យើងមិនចង់ធ្វើសត្រូវជាមួយអ្នកណាទាំងអស់ យើងចង់ពង្រីកមិត្តភក្ភិ នៅលើពិភពលោក ក៏ប៉ុន្តែសូមមិត្តភក្ភិស្គាល់គ្នាឱ្យច្បាស់ កុំឱ្យលុះទៅដោយការប្រព្រឹត្តនូវកំហុសដែលយកប្រជាជន១៦លាននាក់ ទៅបម្រើឱ្យគោលដៅនយោបាយរបស់ខ្លួន ក្នុងការបំផ្លិចបំផ្លាញកម្ពុជានោះ។

សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា មិនអាចយកអធិបតេយ្យភាព ឯករាជ្យភាព របស់កម្ពុជា ទៅដោះដូរជាមួយជំនួយរបស់បរទេសណាមួយនោះទេ។ បើកម្ពុជា មិនអាចអនុវត្តន៍ច្បាប់ខ្លួនឯងបាន ក៏មិនចាំបាច់ថា មានឈ្មោះជា រដ្ឋអធិបតេយ្យនោះទេ ហើយមិនចាំបាច់មានឈ្មោះជា សមាជិកអង្គការសហប្រជាជាតិនោះដែរ។

សម្តេចតេជោ ហ៊ុនសែន បានជំរុញឱ្យមានការប្រជុំធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឱ្យកាន់តែលឿន ហើយសូមផ្តាំទៅវិនិយោគិនទាំងឡាយ និងអ្នកធ្វើធុរកិច្ចទាំងឡាយ នៅពេលខាងមុខ នឹងមានការដាក់ចេញវិធានការ កាត់បន្ថយការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឱ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំង សម្រាប់ការប្រកួតប្រជែង ទៅលើវិស័យសេដ្ឋកិច្ច បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូល និងជំរុញការចេញ៕