កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដោយមានប្រទេស២៦ចូលរួម រយៈពេល២ថ្ងៃ នៅសៀមរាបអង្គរ

សៀមរាប៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមប្រឹក្សានេះត្រូវបានបង្កើតកាលពីឆ្នាំមុន។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប នៅក្នុងសណ្ឋាគារ និងសាលសន្និសីទសុខា ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី។

សូមជម្រាបថា ACC ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នឹងអានព្រះរាជសារស្វាគមន៍របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពេលចាប់ផ្តើមកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

ប្រធាន ACC លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃកម្ពុជា នឹងថ្លែងនូវចំណាប់អារម្មណ៍ស្វាគមន៍ បន្តដោយសុន្ទរកថា របស់តំណាង ICAPP និងតំណាងអង្គការយូណេស្កូ។

វាគ្មិនជាតិ និងអន្តរជាតិ នឹងចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលចំនួន ៤ លើប្រធានបទរួមមាន៖

*ទី១៖ ការលើកឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និងអត្តសញ្ញាណអាស៊ី
*ទី២៖ ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព
*ទី៣៖ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌
*ទី៤៖ ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

បន្ទាប់​ពីកិច្ចពិភាក្សាតុមូលទាំង៤នេះ កិច្ចប្រជុំ ACC នឹងចេញនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាបមួយ ពាក់ព័ន្ធទៅនឹងការងាររបស់ខ្លួន ​ដែលនឹងត្រូវអានដោយលោក Mushahid Hussain Sayed អនុប្រធាន និងជាអ្នករាយការណ៍ពិសេសរបស់ ICAPP (ប្រទេសប៉ាគីស្ថាន)។

បន្ទាប់មក កម្មវិធីនឹងបន្តដោយសុន្ទរកថាបិទកិច្ចប្រជុំរបស់លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង ទទួលបន្ទុករៀបចំពិធីប្រកាស ក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ​ នៅកម្ពុជា។ លោក សួស យ៉ារា អគ្គនាយក ACC ត្រូវបានរំពឹងថា នឹងធ្វើសន្និសីទសារព័ត៌មានមួយភ្លាម បន្ទាប់ពី កិច្ចប្រជុំនេះបានបញ្ចប់។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយសនៃ ACC នឹងថ្លែងចំណាប់អារម្មណ៍នៅល្ងាចថ្ងៃទី១៥ ខែមករា ដើម្បីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ ហើយបន្ទាប់មក សម្តេចនឹងអញ្ជើញជាអធិបតី ក្នុងពិធីលៀងសាយភោជន៍ នៅទីលានជល់ដំរី នៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង ៨០០ នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។
អ្នកចូលរួមនឹងបូកបញ្ចូលទាំងភ្ញៀវ ដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-27) ស្តីពី «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

សិល្បករ-សិល្បការិនី ប្រមាណ២៧០នាក់ មកពី៩ប្រទេសរួមទាំងសិល្បករ-សិល្បការិនីកម្ពុជាចំនួន១៦៥នាក់ផង នឹងសម្តែងសិល្បៈចម្រុះជាតិសាសន៍ នៅក្នុងពិធីលៀងសាយភោជន៍ ដើម្បីអបអរសាទរពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅកម្ពុជានេះ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ អ្នករៀបចំព្រឹត្តិការណ៍ ACC នេះ ក៏នឹងចាត់ចែងដំណើរទស្សនាកម្សាន្ត ជូនដល់បណ្តាភ្ញៀវដែលមានបំណងអញ្ជើញទស្សនា រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ៕