ផឹកស្រាអស់មួយលីត្រកន្លះ រួចសម្ងំដេកខ្យល់គស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាល៖ បុរសម្នាក់ដេកខ្យល់គស្លាប់ ខណៈដែលផឹកស្រាជុំគ្នាអស់មួយលីត្រកន្លះ រួចទៅហូបបាយហើយដេកស្លាប់តែម្តងទៅ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃច័ន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៤០នាទី នៅចំណុចក្រោមផ្ទះ ជនរងគ្រោះស្ថិតនៅក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះ‌ឈ្មោះ ឃៀង រ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមការបំភ្លឺរបស់ឈ្មោះ ឃៀង រ៉ាសុី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ជាប្អូនបង្កើតជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ២០១៩ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះបានអង្គុយផឹកស្រានៅលើគ្រែមុខផ្ទះ ជាមួយមិត្តភក្តិ០៣នាក់ ផឹកស្រាអស់ចំនួន១.៥០ លីត្រ ដល់ម៉ោង២០និង០០នាទីយប់ ក៏បានបែកគ្នាទៅផ្ទះអស់ទៅ ចំណែកជនរងគ្រោះ បានហូបបាយរួចដេកនៅលើគ្រែក្រោមផ្ទះរហូតភ្លឺ លុះព្រឹកឡើងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៤០នាទី ឈ្មោះ ឃៀង រ៉ាសុី (ប្អូន)បានក្រោកពីដំណេក ចុះមកងូតទឹក និងស្លៀកសម្លៀកបំពាក់ទៅរៀន ក៏បានទៅដាស់បងប្រុសឲ្យក្រោកពីដំណេក ដើម្បីទៅធ្វើការ តែមិនព្រមក្រោក ក៏បានទៅស្ទាបដង្ហើមមើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ និងក្រុមគ្រួសារធ្វើការពិនិត្យសព និងបានបញ្ជាក់ថា សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

បច្ចុប្បន្ន សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ឆៃ យុទ្ធ